នាយិកា Phnomlist៖ ៤ចំណុចធំៗធ្វើឲ្យបុគ្គលិកធ្វើការដើម្បីគោលដៅ ជាជាងធ្វើដើម្បីតែប្រាក់ខែ

0
13616

អ្នកនាង ប៉េងទី សៅបូរីំណា នាយិកាវ័យក្មេង jobs.phnomlist ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកធនធានមនុស្សដ៏មានប្រជាប្រិយ និងកំពុងមានសក្តានុពលខ្លាំងនៅក្នុងប្រទេសកម្ពុជា បានប្រាប់ Business Cambodia ពីវិធីសាស្រ្ត៤ចំណុចសំខាន់ដែលធ្វើឲ្យបុគ្គលិកមកធ្វើការដើម្បីគោលដៅរបស់ពួកគេ ជាជាងធ្វើការដើម្បីតែប្រាក់ខែ។

១. បុគ្គលិកមានគោលដៅ នឹងធ្វើការដោយឆន្ទៈ៖

នាយិកាក្រុមហ៊ុន jobs.phnomlist​ បានពន្យល់ថា ក្រុមហ៊ុនរបស់អ្នកនាងយកចិត្តទុកដាក់បំផុតទៅលើការបណ្តុះបណ្តាលបុគ្គលិកឲ្យពួកគាត់រកឃើញគោលដៅនិងក្តីស្រមៃ ហើយខិតខំធ្វើការដើម្បីគោលដៅខ្លួនឯងឲ្យច្បាស់លាស់ កុំធ្វើដោយចង់បានតែប្រាក់ខែមួយមុខ។ ហេតុនេះហើយ ទើបរាល់បុគ្គលិកភាគច្រើនបំផុតដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុន jobs.phnomlist សម្រាប់ក្រុមហ៊ុនផ្សេងៗ ពួកគាត់ខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងក្លា ព្រោះបុគ្គលិកមានអារម្មណ៍ថា គាត់មិនមែនធ្វើការដើម្បីតែប្រាក់ខែនៅក្រុមហ៊ុនោះតែមួយមុខនោះទេ ប៉ុន្តែធ្វើការដើម្បីគោលដៅនិងក្តីស្រមៃរបស់ខ្លួនឯងនៅពេលអនាគត។


២. ផ្តល់ឱកាសឲ្យចំទេព្យកោសល្យ៖

ពាក្យស្លោកមួយឃ្លាបានលើកឡើងថា៖ “គ្រប់មនុស្សម្នាក់ៗសុទ្ធតែមានទេព្យកោសល្យ គ្រាន់តែពួកគេមិនទាន់បានរកឃើញវា”។ នាយិកាវ័យក្មេងរូបនេះបានបន្ថែមទៀតថា ក្នុងនាមជាមេដឹកនាំគេ សំខាន់ណាស់យើងត្រូវមើលឲ្យឃើញពីទេព្យកោសល្យរបស់បុគ្គលិកម្នាក់ៗ ហើយដាក់ការងារឲ្យចំទេពកោសល្យរបស់គាត់។ ម្យ៉ាងវិញទៀត ក្នុងករណីដែលពួកគាត់មិនទាន់យល់ច្បាស់ពីទេព្យកោសល្យនិងចំណង់ចំណូលចិត្តរបស់ខ្លួនឯង ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែជួយបណ្តុះបណ្តាលនិងធ្វើយ៉ាងណាឲ្យគាត់រកឃើញទេព្យកោសល្យនិងក្តីស្រលាញ់ចំពោះការងារនោះ។

មនុស្សដែលការធ្វើការមានគោលដៅច្បាស់លាស់ ហើយត្រូវនឹងទេព្យកោសល្យរបស់ខ្លួនគេទៀតនោះ គេនឹងមានកម្លាំងចិត្ត មានថាមពលជាងបុគ្គលិកផ្សេងទៀតដែលគ្មានគោលដៅ ហើយរីកចម្រើនលឿន និងទទួលជោគជ័យឆាប់រហ័សជាង ហើយបុគ្គលិកប្រភេទនេះនឹងធ្វើឲ្យក្រុមហ៊ុនរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

៣.មានមហិច្ឆតាក្នុងការសម្រេចក្តីស្រមៃ៖

អ្នកនាង ប៉េងទី សៅបូរីំណា បានបន្តទៀតថា បើចង់ឲ្យបុគ្គលិកក្លាយជាបុគ្កលម្នាក់ដែលក្រុមហ៊ុនមិនអាចខ្វះបាន គេត្រូវបណ្តុះពួកគាត់ឲ្យមានមហិច្ឆតានៅក្នុងការចាប់យកឱកាស និងមានភាពពុះកញ្រ្ចោលក្នុងការសម្រេចក្តីស្រមៃដែលខ្លួនគាត់មាន។ អ្នកនាង​បានលើកឡើងថា មនុស្សដែលមានមហិច្ឆតាធំ ឱកាសទទួលបាននូវភាពជោគជ័យក៏ច្រើនដូចគ្នា ព្រោះកាលណាមនុស្សមានមហិច្ឆតាចង់បានអ្វីមួយ គេនិងខំព្យាយាមធ្វើវារហូតទទួលបានជោគជ័យ ហើយបុគ្គលប្រភេទនេះហើយដែលក្រុមហ៊ុនទាំងអស់ត្រូវការជាចាំបាច់។

៤. ជាមនុស្សមានទំនួលខុសត្រូវហើយរៀនសូត្រពីកំហុស៖

ចូរចាំថាមនុស្សជោគជ័យមិនដែលខ្លាចកំហុសនោះទេ ពោលគឺកាលណាពួកគេធ្វើខុស នោះគេនឹងទទួលខុសត្រូវរាល់ទង្វើ និងរៀនពីកំហុស ហើយស្វែងរកដំណោះស្រាយផ្សេងទៀតដើម្បីសម្រេចគោលដៅរបស់ខ្លួន។ នាយិកា jobs.phnomlist បានសង្កត់ធ្ងន់ថា អ្នកជោគជ័យតែងតែចាត់ទុកកំហុសជាមេរៀនមួយដ៏ប្រសើរបំផុតដែលនឹងបង្ហាញផ្លូវដល់ពួកគេ ពីមាគ៌ាឆ្ពោះទៅរកភាពជោគជ័យ។ ចំណុចទាំងអស់នេះហើយ ដែលជាប្រភេទបុគ្គលិកដែលក្រុមហ៊ុន jobs.phnomlist ត្រូវការ សម្រិតសម្រាំង និងខិតខំដើម្បីបណ្តុះបណ្តាលពួកគាត់បន្ថែម ដែលជាធនធាននិងតម្រូវការរបស់ក្រុមហ៊ុនជាច្រើនត្រូវការនិងពុំអាចខ្វះបាន។

សូមជម្រាបជូនថា jobs.phnomlist ជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកធនធានមនុស្ស សម្រាប់អ្នកដែលចង់ស្វែងរកការងារធ្វើ និងក្រុមហ៊ុនដែលចង់បានបុគ្គលិកបម្រើចំគោលដៅ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់គេហទំព័រការងារ jobs.phnomlist.com ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៨ ៦៦ ២៨/ ០៧០ ៩០ ៦៣ ៨៨៕

អត្ថបទដោយ៖ SOY VUTHEA –startup editor & franchise

LEAVE A REPLY

Please enter your comment!
Please enter your name here