អតីតនិស្សិតកសិកម្មចំការដូងមួយក្រុម ត្រៀមបើកហាងលក់បន្លែធម្មជាតិគ្មានជាតិគីមីឆាប់ៗនេះ…

0
65573

(ភ្នំពេញ)៖ អតីតនិស្សិតកសិកម្មចំការដូងមួយក្រុម បានសម្រេចសហការគ្នាត្រៀមបើកដំណើរការអាជីវកម្មហាងលក់បន្លែផ្លែឈើត្រីសា​ច់ធម្មជាតិគ្មានសារធាតុគីមីក្នុងពេលដ៏ខ្លីខាងមុខនេះ។

ប្រធានដឹកនាំក្រុម យុវជន ភុន រតនា ​និស្សិត​​បញ្ចប់​ការ​សិក្សា​ ជំនាញ​វិទ្យា​សាស្រ្ដ​កសិកម្ម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ដែលមានមហិច្ឆតាចង់ដាំបន្លែធម្មជាតិ ផ្គត់ផ្គងទូទាំងប្រទេសកម្ពុជា និងនាំចេញទៅក្រៅប្រទេសបានមានប្រសាសន៍ថា៖ នេះជាផែនការអាជីវកម្មដែលលោកបានត្រៀមទុកអស់ពេលជិត២ឆ្នាំមកហើយ ហើយការចាប់ផ្តើមនេះ គឺជាការបោះជំហាន ឈានទៅសម្រេចក្តីស្រមៃដែលលោកបានប៉ងមកជាយូរ ក្នុងការជួយដល់ប្រជាជនខ្មែរទទួលបានរបស់ល្អ សុទ្ធ និងធម្មជាតិទទួលទាន និងជួយដល់ប្រជាកសិករក្នុងការបើកទីផ្សារ ជម្រុញកំណើនប្រាក់ចំណូលដល់កសិករនៅតាមតំបន់។

យុវជនរូបនេះបានបន្តថា៖ សមាជិកក្រុមរបស់លោកទាំងអស់មានគ្នា៥នាក់ ដែលជាអតីតនិស្សិតបានបញ្ចប់ការសិក្សានៅសាលាកសិកម្មចំការដូងដូចគ្នា ដោយមានឆន្ទៈ និងគោលដៅរួមមួយចង់ចូលរួមចំណែកជួយជាតិដូចគ្នា ទើបសម្រេចសហការគ្នាចាប់ផ្តើមអាជីវកម្មនេះឡើង ស្របពេលជាមួយ លោកក៏កំពុងទទួលបានជោគជ័យលើការធ្វើសណ្តែកបណ្តុះ និងផ្សិតធម្មជាតិផងដែរ។

តាមការបង្ហើបឲ្យដឹងពីយុវជនរូបនេះ៖ ហាងបន្លែធម្មជាតិរបស់លោក មានម៉ាស៊ីនតេស្តសារធាតុគីមីដោយខ្លួនឯង ដែលអាចមើលឃើញសារធាតុគីមីដល់ទៅ១៧០០ប្រភេទផ្សេងគ្នា ជាការធានាទំនុកចិត្តដល់អតិថិជន ក្រៅពីនេះ ចំណុចពិសេសមួយទៀតនៃហាងបន្លែនេះ គឺមានសេវាដឹកជញ្ជូនដល់មុខផ្ទះដោយមិនគិតថ្លៃ និងធ្វើការកម្ម៉ង់ទិញដោយប្រើប្រាស់ App នៅលើទូរស័ព្ទដៃ។

បច្ចុប្បន្ន យុវជនរូបនេះ ក៏កំពុងស្វែងរកអ្នកផ្គត់ផ្គង់បន្លែផ្លែឈើ ត្រីសាច់ធម្មជាតិ នៅទូទាំងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវទីផ្សារផងដែរ។

លោកអ្នកអាចទាក់ទងសាកសួរព័ត៌មានបន្ថែម ឫទាក់ទងផ្គត់ផ្គង់បន្លែផ្លែឈើធម្មជាតិ និងផលិតផលម្ហូបអាហារគ្រឿងទេសផ្សេងៗដែលផលិតនៅក្នុងស្រុកបានតាមលេខ 098/ 078 255 288 /089 911 333 ឫទាក់ទងតាម Facebook Page  ផ្សារខ្មែរ បន្លែធម្មជាតិ

 

អត្ថបទដោយ៖ MENG SONGHUA

Songhua.businesscambodia@gmail.com

LEAVE A REPLY

Please enter your comment!
Please enter your name here