រកស៊ីតាមគ្នា អាជីវករ​លក់ដូរ​នៅ​ផ្សារ​កុងទ័រន័រខ្លះ​កំពុង​ទឹកភ្នែក ខណៈ​ផ្សារ​កុងទ័រន័រមួយចំនួន​បិទទ្ទារ​បណ្ដើរ​ៗ

0
86549

ភ្នំពេញ៖ ជាទម្លាប់ បើ​យើង​ចំណាំ​មើល​មិន​សូវ​ខុស​ប៉ុន្មាន​ទេ របរ​រកស៊ី​របស់​អាជីវករ​នៅ​ស្រុក​ខ្មែរ​ខ្លះ ដែល​ធ្វើ​អ្វីតាមតែគ្នា មិនសូវ​ប្រើគំនិត​ខ្លួនឯង​បង្កើត​អាជីវកម្មទេ ឃើញគេធ្វើ​អ្វីចំណេញ ក៏ប្រឹង​តាម​គេដែរ តែ​មិន​បាន​ប៉ុន្នាន​ផង ខាតទាំង​លុយ ខាត​ទាំងពេល ហើយ​ខ្លះត្រូវ​មាន​ជម្លោះថែមទៀត ព្រោះ​តែ​រកស៊ីចូលគ្នា ហើយ​មិន​ទទួលបាន​ផលចំណេញ។

បើ​យើង​ក្រឡេង​មើលកាលពី​ជាងមួយឆ្នាំមុន ​របរលក់ដូរ​នៅ​ផ្សារ​កុនទ័រ​ កំពុង​ពុះគញ្ចោល​ ធ្វើ​ឲ្យ​អ្នក​លក់ដូរខ្លះ​បាន​កែប្រែ​របរ​ ​ពីការ​លក់ដូរ​ធម្មតា ទៅបង្កើត​ជា​ផ្សារ​កុងទ័រន័រ ឬបញ្ចប់​របរចាស់ទៅបង្កើត​របរថ្មីជាមួយគេ នៅ​ផ្សាររាត្រី​កុង​ទ័រន័រ​ជាដើម។

ទើប​តែ​បាន​ជាង​មួយឆ្នាំសោះ របរលក់ដូរ​នៅ​ផ្សារ​រាត្រីកុងទ័រន័រនេះ ហាក់​ដល់​​កម្រិត​ឆ្អែត​ឆ្អន់​ពី​សំណាក់​អតិ​ថិជន លែង​សូវ​មាន​អ្នក​ចាប់អារម្ម ហើយ​ផ្សារ​កុនទ័រន័រខ្លះ​កំពុង​បិទទ្វារទៅវិញបណ្ដើរៗ​ក៏មាន​។

អាជីករ​ម្នាក់​លក់ដូរ​នៅ​ផ្សារ​កុងទ័រមួយ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ សូមមិន​បញ្ចេញឈ្មោះ បាន​ប្រាប់ Business Cambodia ឲ្យដឹង​ថា កាល​ពី​ជិត​មួយឆ្នាំមុន ព្រោះតែឃើញគេ​រកស៊ីចំណេញ ហើយ​មាន​លុយ​ខ្លះ​ផង ក៏​ផ្ដើម​បបួល​មិត្ដភក្ដិ​ចូល​ហ៊ុនគ្នា ដើម្បី​ជួល​ទីតាំង​ផ្សារ​កុងទ័រន័រ​មួយ​កន្លែង​បើក​កន្លែង​លក់ដូរ​ចំណី​អាហា​ និង​ភេសជ្ជៈ។

អាជីវករ​រូបនេះ​បាន​បន្ដថា កាល​ពីលក់​បាន​ពីរបីខែដំបូង​ មាន​ភ្ញៀវ​ចូល​មកខ្លះ គ្រាន់​នឹង​បាន​កម្រៃ​ទប់​ថ្លៃជួល​កន្លែង​គេ តែ​រហូត​មកដល់​ពីរបីខែចុងក្រោយ​នេះ ការលក់ដូរ​រឹតតែស្ងាត់ទៅៗ ថ្ងៃខ្លះ​សឹង​មិនមាន​ភ្ញៀវ​តែម្ដង​។

តាមរយៈ​បទពិសោធន៍​រស៊ីខាត​ ព្រោះតែ​ធ្វើ​អ្វីតាមតែគេ ឃើញគេ​ចំណេញចង់ចំណេញដែរ​នោះ អាជីវកររូប​នេះ ហាក់​ស្ដាយ​ក្រោយ និង​មាន​វិប្បដិសារី​ចំពោះ​កំហុស និង​ស្ដាយ​ចំពោះ​ការ​ខាត​បង់​លុយ​រាប់ម៉ឺន​ដុល្លារ​ ព្រោះ​តែ​ធ្វើ​អ្វីមិនបាន​សិក្សារ​ស្រាវជ្រាវ និង​គិត​ឲ្យ​បាន​ច្បាស់លាស់ ចំពោះ​ហានិភ័យ​នៅថ្ងៃខាងមុខ​។

ទាក់ទិន​នឹង​ការ​លក់ដូរ​នៅ​ផ្សារ​កុងទ័រន័រ​នេះ មិន​ត្រឹម​តែ​មាន​ករណី​មួយ​ដូច​អាជីករ​ខាង​លើបាន​លើក​ឡើង​ប៉ុណ្ណោះទេ តែ​បើ​យើង​សង្កេត​មើល​ទៅ​ផ្សារ​កុង​ទ័រន័រ​មួយចំនួន​ទៀត ក៏មាន​ដំណើរ​មិន​សូវ​ខុស​គ្នា​ប៉ុន្នានដែរ គ្រាន់តែ​កន្លែង​ខ្លះ​ជាទីប្រជុំជន​ នៅអាច​ទាញចំណាប់អារម្មណ៍​បាន​យូរ​ជាងគេ​បន្ទិច​ប៉ុណ្ណោះ​។

ចំពោះ​ការ​រកស៊ី​តាម​គ្នាបែបនេះ បច្បន្ន​ផ្សារ​រាត្រីកុងទ័រន័រ​មួយ​នៅតំបន់ជិត​ផ្សារ​ទួល​សង្កែ កំពុង​រើទីតាំង​បណ្ដើៗ មួយទៀត​នៅជ្រោយ​ចង្វារ​ហាក់ ​បើក​លក់ដូរ​កំដរ​ពេលវេលា​ប៉ុណ្ណោះ​។

ករណីនេះ គួរ​ជា​មូលដ្ឋាន​គ្រឹះខ្លះៗ ចំពោះ​ការ​រកស៊ី​ សម្រាប់​សហគ្រិន​វ័យក្មេង ដើម្បី​បញ្ចៀស​ហានិភ័យ​ និង​ខាត​បង់​ទុន​ឥតប្រយោជន៍​។

ចំពោះការ​រករស៊ី បើតាម​ទម្លាប់​របស់​ជនជាតិ ជីហ្វ បាន​លើកឡើងថា «ជំនួញ គឺជាជំនួញ» មាន​ន័យថា ការ​បង្កើត​របររកស៊ីអ្វីក៏ដោយ គឺដើម្បី​ទទួលបាន​ផលចំណេញ អញ្ចឹង​យើង​មិន​ត្រូវស្មុគ្រស្មាញ​ច្រើនពេកទី ត្រូវ​មាន​គំនិត​បង្កើត​ជំនួញ ហើយ​គិត​ធ្វើ​ម៉េច​ឲ្យជំនួញនោះទទួលបាន​ផលចំណេញ​មកវិញ បើ​ជំនួញដែល​បង្កើត​នោះ​ចំណេញ ទោះបីក្រុមហ៊ុន​ដែលយើង​បង្កើត​ក៏ដោយ ក៏យើង​អាចលក់បាន​ដែរ​ព្រោះ​ជាផលចំណេញ​។

ចំណែក Business Cambodia វិញ​តែង​លើកទឹកចិត្ដ​សហគ្រិន​វ័យក្មេង​ជំនាន់នាន់ថ្មី​ឲ្យហ៊ាន​ចេញរកស៊ី​តាម​ក្ដីស្រម៉ៃ​របស់ខ្លួន មិនត្រូវ​រងចាំ​នោះទេ ឲ្យតែយើង​មាន​ក្ដីស្រម៉ៃ​មួយ​ច្បាស់លាស់​។

លោក​ សំ កុសល ស្ថាបនិក Business Cambodia បាន​លើក​ឡើងថា កំ​ខ្វល់​ចំពោះអ្នកណាថា​ឲ្យ​យើង បើ​យើង​មាន​ក្ដីស្រម៉ៃ​ច្បាស់​ហើយ ត្រូវ​តែហ៊ានលោត ទោះ​មិន​ចំណេញលឿន តែ​យើង​បាន​ចាប់ផ្ដើម​ធ្វើ និង​រៀន​ជាមួយ​ចំនួញនោះ​រហូត​។

ទាក់ទិន​ចំពោះការ​ចាប់ផ្ដើម​ជំនួញដំបូង​នេះ លោក​ កុសល បាន​បង្ហាញ​បទពិសោធន៍​ផ្ទាល់​របស់លោកទៀត​ថា បើ​ចង់​ឲ្យ​របរសកស៊ី​របស់​យើងទៅមុខលឿន​ ត្រូវ​ដាក់អារម្មណ៍ ហើយ​ផ្ដោត​ទៅលើ​របរនោះតែមួយគត់ កុំ​ធ្វើ​អ្វីច្រើនមុខក្នុងពេលតែមួយ ត្រូវ​ចាប់អ្វីមួយ​ចាប់ឲ្យជាប់សិន ចាំទៅ​ធ្វើ​អ្វីផ្សេង​ នោះទើប​ទទួល​បាន​ផល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here