ភ្លេចៗខ្លួន Jack Ma កសាង Alibaba ពីទុន ៥ម៉ឺនដុល្លារទៅជាក្រុមហ៊ុនមានតម្លៃបំផុតលើពិភពលោក

0
1356

លំដាប់ថ្នាក់ថ្មីនៃក្រុមហ៊ុនមានតម្លៃបំផុតទាំង ១០ លើពិភពលោកសម្រាប់ឆ្នាំ ២០១៨ នេះ ស្រាប់តែមានក្រុមហ៊ុនចិនដល់ទៅពីរបានចូលរួម ដែលកាលពីឆ្នាំមុនមាន Tencent របស់មហាសេដ្ឋី Pony Ma ហើយឆ្នាំនេះ Alibaba របស់មហាសេដ្ឋីដ៏មានប្រជាប្រិយភាព Jack Ma ក៏បានហក់ចូលតារាងលំដាប់ថ្នាក់មួយទៀត ។

លើកឡើងពីប្រវត្តិបង្កើតក្រុមហ៊ុនស្ទើតែគ្រប់កម្មវិធី លោក Jack Ma ឲ្យដឹងថា លោកបង្កើតក្រុមហ៊ុនដំបូងជាមួយមិត្តភក្តិជិត ២០ នាក់ ប្រមូលទុនបាន ៥ ម៉ឺនដុល្លារ ធ្វើការយ៉ាងត្រដាបត្រដួស ទាំងដែលគ្នាជំនាញទាក់ទងនឹងអ៊ីនធឺណេត ទម្រាំតែក្លាយជាក្រុមហ៊ុនធំប្រចាំប្រទេសចិនដូចសព្វថ្ងៃនេះ ។

Alibaba ត្រូវបានទទួលស្គាល់ថាជាដៃគូប្រកួតធំរបស់ Amazon ទាក់ទងនឹងវិស័យ E-commerce និង សេវាកម្មផ្ទុកទិន្នន័យ (Cloud Computering) Alibaba ហក់លោតចូលលំដាប់ថ្នាក់ Top 10 នេះបន្ទាប់ពីកើនតម្លៃក្រុមហ៊ុនស្ទើមិនគួរឲ្យជឿរហូតដល់ ៩២% កាលពីឆ្នាំមុន ។

ចំណែកអ្នកអមដំណើរជាមួយ Alibaba គឺ Tencent ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនចេញមុខមាត់បំផុតលើសេវាកម្ម App, សេវាផ្ញើសារ និង លក់ហ្កេមអនឡាញ ជាពិសេសក្រុមហ៊ុនទាំងពីរនេះសុទ្ធតែជាអ្នកដើរតួយ៉ាងសំខាន់ក្នុងសេវាទូទាត់អនឡាញ ។

ប្រភពពីទស្សនាវដ្តី Fortune ឲ្យដឹងថា ឆ្លងកាត់រយៈពេល ១០ ឆ្នាំមកនេះក្រុមហ៊ុនមានតម្លៃបំផុតទាំង ១០ លើពិភពលោក ភាគច្រើនជាក្រុមហ៊ុនបច្ចេកវិទ្យា រួមមាន Google, Apple, Amazon, Microsoft, Tencent, Facebook, Visa, McDonald’s, Alibaba និង AT&T

ឆ្លងកាត់ ១០ ឆ្នាំជាងមកនេះឃើញថា កំណើនក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនកំពុងវាយលុកទីផ្សារយ៉ាងសកម្ម បើត្រឡប់ទៅមើលកាលពីឆ្នាំ ២០០៦ ក្នុងចំណោមបញ្ចីក្រុមហ៊ុនធំ ១០០ មានឈ្មោះក្រុមហ៊ុនចិនតែមួយប៉ុណ្ណោះ ប៉ុន្តែពេលនេះមានរហូតដល់ ១៤ ក្រុមហ៊ុន ហើយក្រុមហ៊ុន ១០ ក្នុងចំណោមនេះ មានតម្លៃហក់ឡើងជាមធ្យម ៤៧% សមល្មមឲ្យពួកគេអាចប្រកួតប្រជែងជាមួយយីហោល្បីៗរបស់អាមេរិកបាន ។

ពីមួយឆ្នាំទៅមួយឆ្នាំយីហោចិនចេះតែដណ្តើមតំណែងទីផ្សារបន្តិចម្តងៗ ក្រៅពីក្រុមហ៊ុនមេពីរខាងលើ នៅមាន JD.com ដែលជាក្រុមហ៊ុន E-commerce ប្រកួតប្រជែងធំជាមួយ Alibaba បានឈរលើលំដាប់លេខ ៥៩ ក្នុងចំណោម ១០០ បន្ទាប់ពីកើនតម្លៃក្រុមហ៊ុន ៩៤% និងកំពុងហក់លោតចូលវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ ។

បរិបថទីផ្សារមានការផ្លាស់ប្តូរជានិច្ច ជាពិសេសអតិជនយុវវ័យកំពុងធ្លាក់ក្នុងអន្លងស្នេហ៍យីហោចិនមិនតិចទេ ជាក់ស្តែងអតិថិជននៅខ្មែរយើងមិនតិចទេដែលបានគាំទ្រយីហោចិនដូចជា Oppo, Vivo, Xiaomi, MSI, Konfulon ដែលនេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ នៅមានយីហោផ្សេងៗទៀតទៅតាមប្រភេទផលិតផល ។

គួរបញ្ជាក់ថា ពេលនេះចិនបានក្លាយជាអ្នកលេងទីផ្សារធំបំផុតរត់អមជាមួយអាមេរិក ចំណែកយីហោផ្សេងទៀតកំពុងតែរត់ពីក្រោយអ្នកនាំមុខទាំងពីរនេះ ។

អត្ថបទដោយ​៖ ហ៊ួត សុធារ៉ា