ចិន គ្រោងបង្កើតតំបន់ឧស្សាហកម្មថ្មី ដើម្បីផលិតឧបករណ៍អេឡិចត្រូនិកនៅកម្ពុជា

0
2647

ទីក្រុងឆុងជីងរបស់ប្រទេសចិន មានគម្រោងបង្កើតសួនសហគ្រាសថ្មីនៅកម្ពុជាដើម្បីផលិតឧបរណ៍អេឡិចត្រូនិច ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតនូវឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន សំដៅកាត់បន្ថយភាពក្រីក្រ ។

ក្នុងជំនួបពីភាក្សា កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ លោក បណ្ឌិត អ៊ូ ជៀនបូ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអំពីគោលបំណងស្វែងរកឱកាសវិនិយោគ និងពង្រីកទីផ្សារនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតសួនសហគ្រាសឆុងជីង ដើម្បីផលិតឧបករណ៍អេឡិចត្រូនិក សម្ភារៈកុំព្យូទ័រ គ្រឿងបង្គុំទោចក្រយានយន្ត និងរថយន្ត ព្រមទាំងគ្រឿងចក្រផ្សេងៗ ដោយយកគំរូតាមសួនសហគ្រាសទីក្រុងឆុងជីង នៅក្នុងប្រទេសចិន។

ជាមួយគ្នានោះលោក អ៊ូ ជៀនបូ បានគូសបញ្ជាក់ថា ឆុងជីង គឺជាទីក្រុងឧស្សាហកម្មធំមួយនៅលើពិភពលោក ដែលធ្វើការផលិតសម្ភារៈកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិក ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈផ្លូវរថភ្លើងដែលតភ្ជាប់ពីទីក្រុងឆុងជីងនៃប្រទេសចិន ទៅកាន់ប្រទេសអាល្លឺម៉ង់ ឆ្លងកាត់ប្រទេសរុស្សីផងដែរ ។


លើសពីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះគម្រោងវិនិយោគនេះ ហើយបានជម្រាបលោកបណ្ឌិត អ៊ូ ជៀនបូ អំពីគោលការណ៍បើកចំហរ និងការលើកទឹកចិត្តវិនិយោគិន ព្រមទាំងការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលគម្រោងវិនិយោគនានារបស់ធុរជនជាតិ និងអន្តរជាតិ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីវត្ថុបំណងនៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សម្រាប់វិនិយោគិនដែលចង់មកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា និង ស្នើឲ្យប្រតិភូធុរជនចិននៃទីក្រុងឆុងជីង ពិចារណាវិនិយោគលើការកែច្នៃផលិតផលកសិកម្មរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងចាប់ដៃវិនិយោគជាមួយធុរជនក្នុងស្រុក ជាពិសេសសហគ្រិនវ័យក្មេងរបស់កម្ពុជា ដើម្បីបង្កើតសេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)

គួរបញ្ចាក់ផងដែរថា លោកបណ្ឌិត អ៊ូ ជៀនបូ ក៏បានថាសន្យានឹងនាំយកព័ត៌មានទាំងអស់នេះ ទៅជម្រាបលោកអភិបាលក្រុងឆុងជីង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់វិនិយោគិនទាំងឡាយនៅក្នុងប្រទេសចិនផងដែរ។

អត្តបទដោយ ៖ ​ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here