ចំណុចខ្លាំង៣ ជំរុញឱ្យស្ត្រីខ្មែរម្នាក់ធ្លាប់ក្រលំបាក ក្លាយជាម្ចាស់ក្រុមហ៊ុននៅកូរ៉េខាងត្បូង

3374

ជីវិតកើតមកក្រ ហើយបើក្រគំនិតគិតទៀតនោះ ច្បាស់ជាក្រងើបមុខមិនរួចនោះទេ វិធីសាស្ត្រសំខាន់តើយើងក្រោកងើបឡើងដើរចេញពីភាពក្រលំបាកនេះដោយរបៀបណា? ចំណែកសហគ្រិនស្ត្រីខ្មែរម្នាក់ ដោយសារតែជីវភាពក្រីក្រ រុញច្រានឱ្យខ្លួនរសាត់អណ្តែតរស់នៅស្រុកគេ ជួបបញ្ហាលំបាកគ្រប់បែបយ៉ាងទាំងខ្លួននៅវ័យក្មេងនៅឡើយ។ តែចំណុចសំខាន់ គាត់មានឆន្ទៈខ្ពស់ ក្នុងការដោះស្រាយបញ្ហាជាជាងអង្គុយអោប រហូតក្លាយជាអ្នកជំនួញលើទឹកដីកូនរ៉េ តាមរយៈចំណុចខ្លាំង ៣។

-ជាស្ត្រីរឹងមាំ ទន់ភ្លន់ តែមិនទន់ជ្រាយ

បើទោះបីខ្លួននៅក្មេង ហើយជួបបញ្ហាធំៗមើលខ្លួនក្តី តែមិនបានបណ្តោខ្លួនឱ្យនៅត្រាំត្រែង ទ្រាំរស់នៅជាមួយបញ្ហានោះទេ ព្យាយាមដោះស្រាយបញ្ហាម្តងៗមួយ មិនរត់ចោលបញ្ហាឱ្យកាន់តែរីកធំនោះទេ។ ជាការពិតណាស់សារធាតុជាស្ត្រីមានភាពទន់ជ្រាយច្រើន តែចំពោះសហគ្រិនរូបនេះ ហាក់មិនទោរទន់ស្របតាមភាពទន់ជ្រាយនោះទេ ក្នុងនាមជាស្ត្រីត្រូវតែរឹងមាំ ទន់ភ្លន់តែមិនទន់ជ្រាយ រហូតគេមាកងាយខ្លួនបាននោះទេ។

បើបុរសអាចដោះស្រាយ ឬចេញរកស៊ីជោគជ័យបាន ហេតុយើងជាស្ត្រីមិនអាចធ្វើបាន វាមិនមែនជាការប្រើប្រាស់កម្លាំងកាយឯណា កើតចេញពីគតិបញ្ញារបស់យើងវិញទេ។ ណាមួយគ្រប់បញ្ហា ត្រូវតែមានឬសគល់របស់វា បើយើងដឹងថាវាកើតឡើង ដោយសារអ្វីនោះ ច្បាស់ណាស់ថា យើងងាយស្រួលដោះស្រាយមិនខានឡើង មានបញ្ហា មានដំណោះស្រាយ បញ្ហាកាន់តែធំ កាន់តែធ្វើឱ្យយើងបញ្ជាក់សមត្ថភាពខ្លួនឯងខ្លាំងដល់កម្រិតណា។

-ចូលចិត្តធ្វើច្រើនជាងនិយាយ

ជាមនុស្សមិនចូលចិត្តនិយាយច្រើន តែចូលចិត្តធ្វើការងារច្រើនជាងនិយាយ ហើយបើបានសន្យាធ្វើការងារណាមួយហើយ ខិតខំប្រឹងប្រែងព្យាយាមធ្វើទាល់តែបាន មិនរត់ចោលការងារនោះទេ។ ចំណុចសំខាន់នេះ បានជាបញ្ហាកើតមានឡើង ឬផែនការងារដាក់មក តែងទទួលបានជោគជ័យភាគច្រើន។ ហើយកិច្ចការខ្លះ ជាលក្ខណៈការងារ ឬផែនការសកម្មភាពវាមិនទាមទារឱ្យយើងនឹងនិយាយច្រើនពេកទេ សំខាន់ការអនុវត្តផែនការបានសម្រេចលទ្ធផលកម្រិតណា?

-ចេះបង្កើតឱកាសដើរដោយខ្លួនឯង

បុគ្គលិកម្នាក់ៗសុទ្ធតែជួបស្ថានការណ៍ផ្សេងៗគ្នា អាចនិយាយបានថាមនុស្ស១០០នាក់ ជួបស្ថានការណ៍១០០ផ្សេងគ្នា ដូច្នេះអ្វីដែលសំខាន់ យើងត្រូវចេះបង្កើតផ្លូវដើរដោយខ្លួនឯង ឱ្យស៊ីនឹងស្ថានការណ៍យើងជួបផ្ទាល់។ ជាការពិតណាស់យើងអាចរៀនពីបទពិសោធន៍បុគ្គលជោគជ័យ មនុស្សជុំវិញខ្លួន តែមិនអាចអនុវត្តបានទាំងស្រុងសម្រាប់ខ្លួនឯងនោះទេ យើងត្រូវចេះច្នៃទៅជាគំនិតផ្សេងមួយទៀត ឱ្យស្របតាមតម្រូវការខ្លួនឯង។ ជាការពិតណាស់ មិនមែនមនុស្សគ្រប់គ្នាអាចបង្កើតផ្លូវដើរដោយខ្លួនឯងនោះទេ តែមិនមែនមានន័យថា ពិបាករហូតបង្កើតមិនបាននោះដែល មិនលើសពីសមត្ថភាពមនុស្សអាចធ្វើបាននោះទេ។

បន្ថែមពីលើនេះ ទាក់ទងការរកស៊ីវិញ ភាពជោគជ័យថ្ងៃនេះកើតចេញពីភាពស្មោះត្រង់ជាមួយអតិថិជន ជាកត្តាចម្បងបំផុត ហើយមិនថាចេញរកស៊ីវិញនោះទេ បើគ្មានភាពស្មោះត្រង់ទេនោះ ពិបាកជោគជ័យណាស់៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Editor investment Real Estate at Business Cambodia

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here