ស្រ្តីមេម៉ាយ ផ្ដើមរកស៊ីពីលុយខ្ទង់៧០០ដុល្លារ បង្កើតក្រុមហ៊ុនតម្លៃ ៦៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ

2730

លោកស្រី Julie Deane ជាស្រ្តីមេម៉ាយ ដែលចាប់ផ្ដើមអាជីវកម្ម ដោយប្រើលុយ តែ ៧៧៥ដុល្លារអាមេរិក ក្នុងការចាប់ផ្ដើមអាជីវកម្ម ហើយត្រឹមតែរយៈពេល៥ឆ្នាំ ប៉ុណ្ណោះ លោកស្រីអាចបង្កើតជាក្រុមហ៊ុនដែល មានតម្លៃ រហូតដល់ទៅ ៦៥លានដុល្លារអាមេរិក។ ដឹងទេតើ ស្រ្តីមេម៉ាយរូបនេះធ្វើអ្វីបានជា អាចបង្កើតក្រុមហ៊ុនតម្លៃ ដល់ទៅ ៦៥លានដុល្លារ?

កាលពីឆ្នាំ ២០០៧ កូនស្រីរបស់លោកស្រី ត្រូវបានសិស្សដទៃនៅក្នុងសាលារបស់នាងគំរាមកំហែង ដែលធ្វើឲ្យការសិក្សារបស់នាងមិនមានសុវត្ថិភាពឡើយ។ ដោយឃើញ កូនស្រីត្រូវបានគេគំរាមកំហែងនៅសាលា លោកស្រី Julie Deane​ ក៏បានសន្យាជាមួយកូនស្រីថានឹងយកនាងទៅសិក្សាសាលាឯកជនដែលមានសុវត្ថិភាព តែយ៉ាងណាមិញ លោកស្រីមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បង់ថ្លៃសិក្សានោះទេ ព្រោះ  ថ្លៃសាលាថ្មី ត្រូវបង់ ៣១០០០ដុល្លារ ខណៈដែលលោកស្រីមានលុយតែ ៧៧៥ប៉ុណ្ណោះនៅក្នុងដៃ។

ដោយមានចិត្តចង់កូនៗបានទៅរៀនសូត្រ នៅសាលាល្អមានសុវត្ថិភាព លោកស្រីមានគំនិតចង់ចាប់ផ្ដើមរកស៊ី ដោយចាប់ផ្ដើមពីទុនត្រឹមតែ ៧៧៥ដុល្លារប៉ុណ្ណោះ។ ពេលលោកស្រីអង្គុយគិតពីគំនិតអាជីវកម្ម លោកស្រីបានសង្កេតឃើញថា លោកស្រីពិបាកក្នុងការរកកាបូបស្ពាយក្រោយសម្រាប់ឲ្យដាក់សៀវភៅឲ្យកូនទៅរៀន ហើយគាត់ក៏ព្យាយាមរកកាបូបប្រភេទនេះតាមបែបពីប្រពៃណីពីដើមតែរកមិនបានទេ នៅអង់គ្លេស ហើយការបូបដែលមានក៏មិនមានគុណភាពល្អដែរ។ ដោយឃើញថា នៅអង់គ្លេសមិនសូវមានអ្នកផលិតបូបស្ពាយធ្វើពីស្បែកមានគុណភាពល្អ ដូច្នេះហើយលោស្រីបានម្រេចចិត្តថា​ នឹងធ្វើជាមនុស្សដំបូង ដែលជាអ្នក ផលិតកាបូបស្ពាយធ្វើពីស្បែកមានគុណភាពល្អ។

បន្ទាប់គិតរួចពីគំនិតអាជីវកម្មហើយលោកស្រីចាប់អាជីវកម្មរបស់លោកស្រី ពីទុន ៧៧៥ដុល្លារ ដែលដំបូងឡើយលោកស្រីទិញវត្ថុភាពដើមយកមកផលិតនៅតុផ្ទះបាយលោកស្រីផ្ទាល់ ហើយម្ដាយលោកស្រីជាជួយជ្រោមជែ្រងក្នុងការចាប់ផ្ដើមអាជីវកម្មនេះ។ ពេលផលិតបាន លោកស្រីឲ្យកូនស្ពាយកាបូបទៅរៀន។ កាបូបស្ពាយធ្វើពីស្បែក ដែលលោកស្រីផលិតទទួលបានការចាប់អារម្មណ៍ពីអតិថិជន ហើយលោកស្រី ក៏រកបានអ្នកផ្គត់ផ្គងចែកចាយបន្ត គឺសាលា​មួយចំនួននៅអង់គ្លេសទទួលទិញកាបូបលោកស្រី យកទៅលក់បន្តឲ្យសិស្សសាលា ។

នៅឆ្នាំ ២០០៨ លោកស្រីរកបានអ្នកទទួលផលិតកាបូបស្ពាយនេះ ហើយនៅពេលបោះលោកស្រីបង្កើតបានជាក្រុមហ៊ុនមួយដែលមានឈ្មោះថា ​The Cambridge Satchel Company  ដែលជាក្រុមហ៊ុនផលិតកាបូបស្ពាយធ្វើពីស្បែក។ នៅឆ្នាំ ២០១០ មានគេបញ្ជាទិញកាបូបពីក្រុមហ៊ុនលោកស្រីចំនួន ១៦០០០កាបូប។ នៅក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនរបស់លោកស្រីបានបើកហាងលក់រាយជាលើកដំបូងនៅអង់គ្លេស ហើយត្រឹមខែ មករា ឆ្នាំ ២០១៤ ក្រុមហ៊ុន The Cambridge Satchel Company​ ក្លាយជាក្រុមហ៊ុនមានតម្លៃ ៦៥លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ ក្រុមហ៊ុន The Cambridge Satchel Company បានធ្វើការចែកចាយកាបូបរបស់ខ្លួន ទៅកាន់ ប្រទេស ចំនួន ១២០ជុំវិញពិភពលោក ជាពិសេសផលិតកាបូបរបស់  The Cambridge Satchel Company ទទួលបាន ការពេញនិយមពីសំណាក់តារាល្បីនៅលើពិភពលោកទៀតផង៕

អត្ថបទដោយ៖ ហុង