ស្ថាបនិក Mobile Coffee៖ កំហុសភាគច្រើននៃអាជីវកម្មគឺត្រៀមខ្លួនតែជោគជ័យ មិនត្រៀមបរាជ័យ

2873

មនុស្សទូទៅបានដឹងអំពីភាពជោគជ័យរបស់អាជីវកម្មក្រុមហ៊ុនធំ តូច មធ្យម ជាដើម អំពីសក្តានុពលអាជីវកម្ម និងតែងកោតសរសើអំពីភាពជោគជ័យនេះ។ អាជីវកម្មមួយជោគជ័យ គឺអាស្រ័យលើកត្តាសំខាន់ជាច្រើនផ្នែកផ្សេងគ្នា ជាពិសេសគឺកត្តាសហគ្រិនភាពខ្លួនឯងតែម្តង បើខ្វះភាពជាសហគ្រិនហើយនោះ ពិបាកនិងជោគជ័យណាស់ក្នុងមុខជំនួញ ព្រោះអ្វីៗទំាងអស់ ម្ចាស់អាជីវកម្មជា អ្នកកាច់ចង្កូត បទបែនទៅតាមការចង់បានរបស់ខ្លួន អាចឲ្យអាជីវកម្មជោគជ័យ ឬបរាជ័យ គឺចេញពីម្ចាស់សហគ្រិននេះឯង។

ចំណែកភាពបរាជ័យរបស់អាជីវកម្មមួយចំនួនធំ មិនត្រូវបានបើកបង្ហាញឲ្យទូលំទូលាយនោះទេ ហើយកំហុសភាគច្រើននៃអាជីវកម្ម គឺមកពីត្រៀមខ្លួនសម្រាប់តែជោគជ័យ មិនបានត្រៀមខ្លួនសម្រាប់ពេលជួបបរាជ័យ ឬបញ្ហានោះទេ នេះបើតាមការលើកឡើងរបស់លោកយ៉ែម ឈីម ជាស្ថាបនិករបស់Mobile Coffee។

លោកបានពន្យល់ថា «រឿងដែលត្រូវត្រៀមពេលចាប់ផ្តើមអាជីវកម្ម ត្រូវមានគម្រោងអាជីវកម្មច្បាស់លាស់ ហើយវាមានច្រើនចំណុច។ ហើយមួយទៀត ការវិវត្តន៍ខ្លួនរបស់អាជីវកម្មមានពីរ ទី១-វិវត្តន៍ទៅជោគជ័យ ទី២-វិវត្តន៍ទៅបរាជ័យ ហើយត្រូវត្រៀមខ្លួនបែបណា ពេលអាជីវកម្មជោគជ័យ និងបរាជ័យ។ ភាគច្រើននៃកំហុសរបស់ម្ចាស់អាជីវកម្ម គឺមិនបានត្រៀមខ្លួនឯង នៅពេលជួបបរាជ័យនោះទេ ត្រៀមតែខ្លួនសម្រាប់ជោគជ័យ ភ្លេចគិតថា ពេលបរាជ័យ ឬជួបបញ្ហាត្រូវមានផែនការអ្វី»។
ជាក់ស្តែងអាជីវកម្មរបស់លោកផ្ទាល់ បានត្រៀមជាស្រេចនៅក្នុងផែនការអាជីវកម្ម តើត្រូវធ្វើដូចម្តេចពេលបរាជ័យ និងត្រូវធ្វើដូចម្តេចពេលជោគជ័យ ទោះបីជាពេលអនុវត្តន៍មិនដូចទំាងស្រុងក្តី តែក៏មិនខុសឆ្ងាយពេកដែរ។

ជោគជ័យរបស់អាជីវកម្ម គឺដើរទន្ទឹមគ្នានៃភាពបរាជ័យផងដែរ ដូច្នេះសហគ្រិនវ័យឆ្លាត មិនអាចឈ្លក់វង្វេងស្រមៃតែជោគជ័យ ភ្លេចខ្លួនដោះស្រាយឧបសគ្គ ឬអាចនិយាយបានថា បើផែនការ A បរាជ័យ ត្រូវមានផែនការ B ត្រៀមការពារ។ អាជីវកម្មអាចស្រួលបើក តែការដឹកនាំឲ្យជោគជ័យហាក់មិនស្រួលនោះទេ តែក៏មិនពិបាកពេកដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here