ចិនគ្រោងបង្កើតសួនឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម​នៅព្រះសីហនុ សម្រាប់នាំចូលទីផ្សារចិន

1465

ក្រុមហ៊ុន Hun Ty របស់ប្រទេសចិនមានបំណងធ្វើការវិនិយោគបង្កើតសួនឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម នៅខេត្តព្រះសីហនុ ដើម្បីប្រមូលទិញកសិផល កែច្នៃ និងនាំចេញដើម្បីបំពេញតម្រូវការទីផ្សារចិនដោយត្រង់ ពិសេសផលិតផលត្រី អង្ករ និងស្វាយ។ នេះបើយោងការប្រកាសឱ្យដឹងក្នុងជំនួបរវាងក្រុមហ៊ុនចិន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីម្សិលមិញនេះ។

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី “យុទ្ធសាស្រ្តនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិន” ជាមួយក្រុមហ៊ុន Hun Ty ដើម្បីសិក្សាពីយន្តការនៃការនាំចេញកសិផលទៅកាន់ប្រទេសចិនក្នុងលក្ខណងាយស្រួល រលូន និងលឿន ធ្វើយ៉ាងណាឆ្លើយតបឲ្យបានសមស្របទៅនឹងសេចក្តីត្រូវការទីផ្សារចិនគឺបរិមាណ គុណភាព សុវត្ថិភាព ពេលវេលា និងតម្លៃ។

លោក Wong Yung នាយកក្រុមហ៊ុន Tain Jin Trade Free Zone បានលើកឡើងថា ប្រទេសកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម និងជាពិសេសបច្ចុប្បន្នប្រទេសចិនកំពុងតែមានបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដូច្នេះនេះជាឱកាសមាសរបស់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកទីផ្សារកសិផលជាមួយមហាមិត្តចិន។

ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម វេង សាខុន សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកនាយកក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជាធ្វើជាដៃគូវិនិយោគលើវិស័យកសិកម្ម ពិសេសការកែច្នៃកសិផលរួចនាំចេញ ព្រោះនេះជាគន្លឹះមួយយ៉ាងសំខាន់ដែលអាចនាំផលិតផលកសិកម្មទៅកាន់ទីផ្សារចិន សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកែច្នៃកសិផលឲ្យអស់លទ្ធភាព។

គម្រោងចិនបង្កើតសួនឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនេះ ជាឱកាសធំណាស់សម្រាប់កសិករខ្មែរយើង ដែលភាគច្រើនសុទ្ធតែជាកសិករ ព្រោះតម្រូវការទីផ្សារមានកាន់តែធំ ដោយសារចិនមានប្រជាពលរដ្ឋច្រើន មានតម្រូវច្រើនទៅតាមនេះដែរ។

បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានដាក់ទុនវិនិយោគជាង ១០លានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម័ន្ធរោងចក្រដូចជាបន្ទប់ក្លាស្សេនិងបង្កកផលិតផល (បន្លែ ផ្លែឈើ ត្រី សាច់) បន្ទប់កែច្នៃ ឃ្លាំងស្តុក អគាររដ្ឋបាល និងហាងសម្រាប់ជួល និងលក់ផលិតផលបោះដុំលើផ្ទៃដី៤ហិកតា ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Editor investment Real Estate at Business Cambodia

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here