ភ្នំពេញ៖ យុវជនហៀង គង់ វ័យទើប២៥ឆ្នាំ ជាកូនកសិករមកពីខេត្តកពង់ស្ពឺ ក្នុងគ្រួសារមានបងប្អូន៣នាក់ ហើយរូបគេជាកូនច្បងក្នុងគ្រួសារ និងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញគ្រប់គ្រងទេសចរណ៍នៅឆ្នាំ២០១៥។ វ័យក្មេងក៏ពិតមែន ដោយសារតែចង់ជួយពលរដ្ឋក្រីក្រីកម្ពុជាដែលជួបការលំបាក យុវជនរូបនេះ ក៏បានហក់ចូលក្នុងវិស័យជំនួញទំាងវ័យក្មេងតែម្តង។
ហៀង គង់ បច្ចុប្បន្ននេះ មានតួនាទីជាសហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន «ផ្ទះបៃតងកម្ពុជា» ឬ Green Home Cambodia ដែលចាប់ផ្តើមពីក្រុមតូចមួយ ដែលមានជំនាញខាងសាងសង់។ ខាងក្រោមនេះគឺជាសាច់រឿងផ្ទាល់របស់យុវជន ហៀង គង់ ដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានពាណិជ្ជកម្ម កម្ពុជា។
ចង់ជួយអ្នកក្រ បានជាខ្ញុំចេញរកស៊ី
យុវជនហៀង គង់ បាននិយាយថា បុព្វហេតុដំបូងក្នុងការចេញរកស៊ី គឺផ្តើមចេញពីចិត្តចង់ជួយអ្នកក្រ ដោយសារមើលឃើញពីការបញ្ហាជាច្រើននៃជនក្រីក្រ។
លោកសួរខ្លួនឯងជាច្រើនដងថា តើខ្ញុំគួរធ្វើយ៉ាងណា ទើបអាចមានលទ្ធភាពជួយពួកគេបាន ព្រោះបើធ្វើការឱ្យគេប្រាក់សម្រាប់តែក្រពះខ្លួនឯងបែបហ្នឹង?
គិតចុះគិតឡើង ទើបចេញគំនិត ថាមានតែការរកស៊ីនោះទេ ដែលអាចមានឱកាសពង្រីកហិរញ្ញវត្ថុ សម្រាប់ជួយពួកគេបាន។
គង់ បានបន្តថា លោកធ្លាប់ស្អប់អ្នកជំនួញណាស់ ព្រោះលោកមើលឃើញទិដ្ឋភាពមួយចំនួន ដែលអ្នកជំនួញធ្វើបាបអ្នកក្រ ដូចជាការរួសរើដី ផ្ទះប្រជាពលរដ្ឋ ការកេងប្រវ័ញ្ញផ្សេង។
តែលោកបន្តទៀតថា គិតៗទៅ ជំនួញភាគច្រើនមិនអាក្រក់ទេ តែមនុស្សអ្នកធ្វើជំនួញទេ ទើបអាក្រក់ បើអ្នកជំនួញធ្វើល្អវិញ វានឹងក្លាយជារឿងល្អ។
ពេលនោះ លោកក៏សម្រេចចិត្តធ្វើជំនួញ ព្រោះការចាប់ផ្តើមជំនួញឬអាជីវកម្មជាផ្នែកមួយដ៏សំខាន់ ជួយដល់ការរីកចម្រើនដល់សេដ្ឋកិច្ចរដ្ឋ ត្បិតរដ្ឋមួយអាចរីកចម្រើន គឺអាស្រ័យលើការយកពន្ធលើអាជីវកម្ម ហើយវាក៏ធ្វើឱ្យពលរដ្ឋមានការងារធ្វើ មានជីវភាពល្អប្រសើរដែរ ទើបលោកចាប់ផ្តើមចេញរកស៊ីទំាងនៅវ័យក្មេងបែបនេះ។
ចាប់ផ្តើមរកស៊ីកាន់តែក្មេង កាន់តែមានឱកាស
ពេលពាណិជ្ជកម្មកម្ពុជាសួរតើថា ធ្លាប់គិតទេ ពេលចេញរកស៊ីនៅវ័យក្មេង អាចនឹងជួបបរាជ័យ? យុវជន ហៀង គង់ ឆ្លើយទំាងទឹកមុខញញឹថា ខ្ញុំធ្លាប់គិតជាច្រើនរឿងហ្នឹង ប៉ុន្តែខ្ញុំគិតថា បរាជ័យ ឬជោគជ័យនៃអាជីវកម្មមិនអាស្រ័យលើអាយុទំាងស្រុងនោះទេ ហើយមានអ្នកជោគជ័យវ័យក្មេងច្រើនណាស់ ដូចជាស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg និង លោកWarren Buffet …នៅស្រុកខ្មែរ ក៏មានច្រើនដែរ ហើយពួកគាត់សុទ្ធសឹងតែចាប់ផ្តើមអាជីវកម្មនៅវ័យក្មេងទំាងអស់។ សំខាន់ មុននឹងប្រថុយនឹងអាជីវកម្ម ក៏គួរមានគុណសម្បត្តិសមល្មមដែរ ដូចជា៖ ចំណង់ ចំណេះ ជំនាញ ពេលវេលា និងបទពិសោធន៍ខ្លះដែរ។
យុវជនរូបនេះបានបន្តថា ហេតុផលមួយទៀត ដែលលោកមិនខ្លាចនឹងចាប់ផ្តើមអាជីវកម្មនៅវ័យក្មេង គឺមកពីលោកមានទស្សនៈថា ចាប់ផ្តើមកាន់តែក្មេងកាន់តែមានឱកាសបន្ត ទោះបីវាបរាជ័យក៏ដោយ យើងនៅតែមានពេលច្រើនទៀត។
ទោះជាយ៉ាងណា ការចាប់ផ្តើមអាជីវកម្ម គួរចាប់ផ្តើមពីតូចមកមុន។ យុវជនរូបនេះ ក៏ធ្លាប់បរាជ័យដែរ តែការបរាជ័យនោះ ជាមេរៀនដែលមានតម្លៃណាស់ វានឹងប្រាប់យើងនូវវិធីថ្មី ដែលមានប្រសិទ្ធភាពកាន់តែប្រសើរ។ ការចាប់ផ្តើមអាជីវកម្មដំបូងវាពិបាកបំផុត វាប្រៀបដូច យើងនៅតូចរៀនបោះជំហានដំបូងអញ្ចឹងដែរ គឺវាអាចដួលគ្រប់ពេល តែយើងមិនដែលខ្លាចនឹងឈប់បោះជំហាននោះទេ យើងនៅតែព្យាយាមចុងក្រោយយើងក៏ចេះដើរ។
កត្តាប្រឈមខ្លាំងពេលចាប់ផ្តើមចេញរកស៊ីដំបូង
ហៀង គង់ បាននិយយាយថា ពេលដែលសម្រេចចិត្តចេញរកស៊ីដំបូង យុវជនរូបនេះ ក៏ធ្លាប់ខាងក្រុមគ្រួសារមិនសូវសប្បាយចិត្តផងដែរ ដោយសារខាងគ្រួសារគិតថា បើរកស៊ីរបរនិង ដូចជាជាងសំណង់ចឹង មិនចាំបាច់ទៅរៀនយកបរិញ្ញាបត្រនោះទេ អ្នកធម្មតាក្នុងភូមិក៏អាចធ្វើបានដែរ។ ម្យ៉ាងឪពុកម្តាយចង់ឱ្យលោកបន្តការសិក្សាថ្នាក់អនុបណ្ឌិត។
លោកបានបន្តថា លោកក៏ ធ្លាប់ប្រឡងជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត តែលោកសម្រេចបោះបង់ ព្រោះចង់ចំណាយពេលច្រើនផ្តោតលើការងាររកស៊ីតែមួយសិន នេះជាសម្រេចចិត្តដល់សំខាន់សំរាប់លោក តែពេញចិត្តនិងជ្រើសរើសផ្លូវនេះ ព្រោះជាក្តីស្រមៃធំសម្រាប់ជីវិតខ្លួន។
យុវជនរូបនេះបានបន្តថា ដោយសារលោកទើបតែអាយុ២៥ឆ្នាំ ពេលទៅចរចារជាមួយអតិថិជន គេហាក់ភ្ញាក់ផ្អើលថា ប្រធានក្រុមហ៊ុន និងក្រុមបច្ចេកទេសហាក់នៅក្មេងៗ។ ជាការពិត ក្រុមលោក សុទ្ធសឹងតែជាយុវជន តែម្នាក់ៗសុទ្ធតែពោរពេញដោយ ថាមពល និងសមត្ថភាព។
លោកបន្តថា ក្រុមលោក មានក្តីសុបិនរួមមួយ ចង់សង់ផ្ទះជូនប្រជាជនខែ្មរ តាមស្តង់ដារត្រឹមត្រូវ ដោយប្រកាន់ភ្ជាប់នូវ គុណភាព សោភ័ណភាព និងសន្សំសំចៃ(ថ្លៃដើមទាប)។ ទោះជាយ៉ាងណា ការដែលធ្វើឱ្យអតិថិជនជឿជាក់ វាមិនមែនជារឿងងាយស្រួលឡើយ វាទាមទារពេលវេលាដែរ។
យុវជនរូបនេះបានបន្ថែមថា ដោយសារលោកទើបតែចាប់ផ្តើម លោកក៏គ្មានស្គាល់គេច្រើនដែរ នេះជាបញ្ហាសម្រាប់ការស្វែងរកអតិថិជនផងដែរ។ តែទោះយ៉ាងក៏ដោយ លោកថាបច្ចុប្បន្ន មានអតិថិជន ជាច្រើនចាប់អារម្មណ៍គម្រោង ផ្ទះបៃតងនេះ ត្បិតកន្លងមក ជាយុទ្ធសាស្រ្តទីផ្សារ លោកបានព្យាយាមកសាងបណ្តាញឱ្យបានកាន់តែច្រើនជាងមុន ការប្រកាន់នូវគុណភាព និងភាពស្មោះត្រង់ចំពោះអតិថិជន ជាចំណុចសំខាន់ក្នុងធ្វើទីផ្សាររបស់ក្រុមលោក។
មូលហេតុ៣យ៉ាង ដែលលោកចាប់យកអាជីវកម្ម ក្នុងវិស័យសាងសង់៖
«ភាពខ្វះជំនាញរបស់អ្នកសាងសង់»ដោយសារ អ្នកសាងសង់ភាគច្រើនពិសេសនៅតាមខេត្ត ពួកគាត់ពុំសូវមានជំនាញច្បាស់លាស់ ពោលពួកគាត់ចេះតាមគ្នា ដោយមិនបាន សិក្សាបច្ចេកទេសត្រឹមត្រូវ ទើបគុណភាពនៃសំណង់មិនសូវល្អ។
មានប្រជាពលរដ្ឋជាច្រើន ចាប់ផ្តើមត្អូញត្អែរពេលសំណង់ត្រូវបានសង់រួច។ ទើបលោកគិតថា បើលោកមានក្រុមស្ថាបត្យករ និងវិស្វករច្បាស់លាស់ ហើយធ្វើលើស្តង់ដារត្រឹមត្រូវ ប្រាកដជាអាចដោះស្រាយបញ្ហានេះបានច្រើន។
«មើលឃើញឱកាស»គង់បានបន្ថែមថា កត្តាមួយទៀត ដែលលោកបើកក្រុមហ៊ុនសាងសង់ឡើង គឺកត្តាឱកាស ព្រោះតែកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ និងនៅសល់ដីទំនេរច្រើនណាស់ ចឹងហើយនៅថ្ងៃអនាគតប្រទេសកម្ពុជានឹងមានតម្រូវការអភវិឌ្ឍន៍វិស័យនេះកាន់តែខ្លាំង។ លោកធ្លាប់ធ្វើដំណើរទៅប្រទេសមួយចំនួនដូចជាថៃ ព្រុយណេ… ពិសេសសិង្ហបុរី គេមានការចម្រើនមុនយើង ហើយលោកស្រមៃឃើញថា អនាគតកម្ពុជា នឹងមានការរីកចម្រើនដូចសង្ហបុរី ឬលើសនឹងទៅទៀត។
«ទឹកចិត្តស្រលាញ់បរិស្ថាន»ដោសារការស្រឡាញ់បរិស្ថាន ទើបលោកដាក់ឈ្មោះអាជីវកម្មថា Green Home Cambodia ហើយម្យ៉ាងទៀតលោកចង់បណ្តុះគំនិតដល់ពលរដ្ឋខ្មែរ ឲ្យចេះស្រឡាញ់បរិស្ថានកាន់តែច្រើន។ លោកចង់ឃើញការសាងសង់ផ្ទះឬអគារ ដោយមិនប៉ះពាល់ខ្លាំងដល់បរិស្ថានច្រើនពេក ទើបលោកចង់ប្រើប្រាស់ ឥដ្ឋបរិស្ថាន ដែលមានលក្ខណៈពិសេសមិនបាច់ដុត ហើយអាចជួយកាត់បន្ថយការចំណាយ ជាងការប្រើប្រាស់ឥដ្ឋធម្មតាទៀតផង។
សម្រាប់តម្លៃក្នុងការសាងសង់ផ្ទះវិញ គឺចាប់ពី១១,០០០ដុល្លារឡើងទៅ ហើយសម្រាប់ម៉ូដវិញអតិថិជនអាចជ្រើសរើសបាន តាមតម្រូវការ។ បន្ថែមពីលើនេះ ក្រុមហ៊ុន Green Home Cambodia បានកំពុងសិក្សាបច្ចេកវិទ្យាទំនើប ដែលអាចកាត់បន្ថយការបំពុលច្រើនបំផុត ត្បិតសូម្បីតែឥដ្ឋក៏មិនបាច់ប្រើដែរ តែគេអាចច្នៃរបស់ផ្សេងៗ ដូចជាការផលិតជញ្ជាំងបាន ដោយយកចំបើងឬកញ្ចាំងនិងរបស់ផ្សេងៗ ដែលមនុស្សជាច្រើនមិនសូវឱ្យតម្លៃ។ល។ ផ្ទះនោះ មានប្រព័ន្ធអគ្គិសនី ដើរដោយប្រព័ន្ធសូឡាស្រាប់ ហើយផ្ទះបានផ្លាស់ប្តូរទីកន្លែងបានទៀតផង។ ទោះជាយ៉ាងណាឥឡូវក្រុមការងារកំពុងតែសិក្សា និងចរចារជាមួយដៃគូរបរទេសលើកិច្ចការនេះ ក្នុងបំណងនាំចូលមកក្នុងទីផ្សារស្រុកខ្មែរយើងដែរ។
ជាចុងក្រោយហៀង គង់ បានបញ្ជាក់ថា នៅថ្ងៃអនាគត នៅពេលក្រុមហ៊ុន Green Home Cambodia មានការរីកចម្រើនកាន់តែខ្លាំង លោកនឹងបែងចែកផលចំណេញប្រមាណ៥% សម្រាប់សកម្មភាពមនុស្សធម៌ ដូចជា៖សាងសង់ផ្ទះ សម្រាប់ពលរដ្ឋក្រីក្រគ្មានលទ្ធភាពសង់ផ្ទះខ្លួនឯង ហើយមួយចំណែកទៀតសម្រាប់ ការឧបត្ថម្ភសម្ភារៈសិក្សាដល់ក្មេងៗ ឬបង្កើតកូនបណ្ណាល័យតាមតំបន់ដាច់ស្រយាលផងដែរ៕
អត្ថបទដោយ៖ ម៉ន វុទ្ធា
អ្នកសរសេរព័ត៌មានសេដ្ឋកិច្ចជំនាញភាពជាអ្នកដឹកនាំ