Angelina Jolie ៖ ផ្តើមប្រឡូកសិល្បៈតាំងពីអាយុ៧ឆ្នាំ ក្លាយជាតារាឆ្នើមបំផុតម្នាក់នៅហូលីវូដ

664

តារាហូលីវូដ Angelina Jolie ឈរលើតំណែងកំពូលក្នុងវិស័យភាពយន្តពិភពលោក ដែលមានស្នាដៃជាច្រើនទាំងក្នុងការផលិតភាពយន្ត និងក្នុងការងារមនុស្សធម៌ផងដែរ។ បើក្រឡេកមើលជីវិតឯកជនវិញ តារាស្រីមានកូនចិញ្ចឹមជនជាតិខ្មែររូបនេះ បានឈានចូលក្នុងវិស័យភាពយន្តដំបូងតាំងតែអាយុ៧ឆ្នាំមកម្លេះ ហើយបានសាងភាពល្បីល្បាញរហូតក្លាយជាតារាកាន់ពានធំៗ និងជាផលិតកររឿងល្បីៗមួយចំនួនផងដែរ។

អ្នកនាង Angelina Jolie កើតនៅឆ្នាំ១៩៧៥ មានឳពុកម្តាយជាតារាសម្តែង ដូច្នោះហើយទើបនាងមានឱកាសបានចូលសម្តែងជាលើកដំបូងក្នុងរឿងរបស់ឳពុកខ្លួនលោក Jon Voight នៅក្នុងរឿងមួយមានចំណងជើងថា “Lookin’ to Get Out” នៅឆ្នាំ១៩៨២ ខណៈពេលនោះ Jolieទើបមានអាយុ៧ ឆ្នាំប៉ុណ្ណោះ។
លុះដល់ឆ្នាំ ១៩៩៣ តារារូបនេះ បានចុះកុងត្រាក្នុងផលិតកម្ម”Cyborg 2″ជាផលិតកម្មដែលមានគោលការណ៍ចំណាយតិចតួចក្នុងការផលិត ដូច្នេះហើយ២ឆ្នាំក្រោយមកទើបគាត់មានរឿងសម្តែងនឹងគេ ដោយបានក្តាប់តំណែងតួឯកជាលើកដំបូងក្នុងរឿង”Hackers”ថតចប់នៅឆ្នាំ១៩៩៦។
ទោះបីធ្លាប់បានក្តាប់តំណែងតួឯកមកហើយក្តី ប៉ុន្តែភាពល្បីល្បាញហាក់ដូចជាមិនទាន់មកដល់នៅឡើយសម្រាប់គាត់។ យ៉ាងណាមិញឆ្នាំមាសសម្រាប់ Jolie គឺជាពេលដែលនាងជាប់ឈ្មោះសម្ដែងក្នុងខ្សែភាពយន្តជីវប្រវត្តិបុគ្គលល្បីឈ្មោះគឺ “George Wallace” នៅឆ្នាំ១៩៩៧ និង “Gia” នៅឆ្នាំ១៩៩៨។ រឿងពីរទាំងនេះទាក់ចិត្តអ្នកទស្សនារាប់លាននាក់ ព្រមទាំងបានឈ្នះពានរង្វាន់អូស្ការ ជាតារាសម្តែងល្អបំផុតក្នុងរដូលកាលនោះផង។
បន្តិចក្រោយមកប៉ុណ្ណោះ តារាកាន់ពានអូស្ការមិនទាន់ក្តៅដៃរូបនេះ បានដើរតួសំខាន់ក្នុងរឿង “Girl, Interrupted” នៅចុងឆ្នាំ១៩៩៩ ដែលជាចំណុចរបត់ដូចផ្លេកបន្ទោរនៃជីវិតតារាសម្តែង Jolie ឡើងដល់កំពូលនៃវិស័យភាពយន្ត។
ភាពយន្តជាច្រើន តារាសម្តែងស្រី Jolie បានថតជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១១ ទើបគាត់បានសម្រេចចិត្តបង្កើតស្នាដៃមួយដោយខ្លួនឯង ជាមួយអារម្មណ៍ឈឺចាប់នៃការធ្វើសង្រ្គាមជាលើកដំបូង។ នោះគឺ ខ្សែភាពយន្តសង្គ្រាមមានចំណងជើងថា “In the Land of Blood and Honey” ដែលជារឿងស្នេហាដ៏ជ្រាលជ្រៅមួយកើតឡើងក្នុងពេលសង្គ្រាមផ្ទុះឡើងនៅបូស្នៀ។

លើសពីនេះ អ្នកស្រី Jolie បានដឹកនាំរឿងទី២មានចំណងជើងថា “Unbroken” នៅឆ្នាំ២០១៤ និងចុងក្រោយថ្មីៗនេះរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ឬជាភាសាអង់គ្លេស “First They Kill My Father” ដែលរឿងនេះចំណាយថវិការថតខ្ទង់លានដុល្លារនឹងបានដាក់ប្រកួតប្រជែងក្នុងពានអូស្ការឆ្នាំ២០១៨។ “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ជាភាពយន្តល្បីល្បាញខ្លាំងនៅកម្ពុជា និងចាក់បញ្ចាំងនៅប្រទេសជាច្រើនទៀត បូករួមទាំងក្នុងទូរទស្សន៍ភាពយន្តអនឡាញ Netflix ផង នេះជារឿងបែបប្រវត្តិសាស្រ្តមួយឆ្លុះបញ្ជាំងពីជីវិតរបស់ក្មេងស្រីម្នាក់ដែលរួចជីវិតពីរបប្រល័យពូជសាសន៍អាវខ្មៅនៅកម្ពុជា។
គួរជម្រាបជូនថា អ្នកនាង Angelina Jolie ត្រូវបាន Forbes ដាក់ឈ្មោះឱ្យថាជា “តារាសម្តែងដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុត” ជាញ៉យដង ដោយសារតែគាត់មានចំណូលប្រចាំឆ្នាំក្នុងចន្លោះពី២៧ដល់៣០ លានដុល្លារឯណោះ។
តារាហូលីវូដដែលជាប់ចិត្តជាមួយទឹកដីកម្ពុជារូបនេះធ្លាប់មានប្រសាសន៍ថា” យើងត្រូវធ្វើជាមនុស្សម្នាក់ ដែលមានភាពក្លាហាន ច្បាស់លាស់ និងឯករាជ្យ។”

អត្ថបទដោយ ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here