ទី រ៉ាឌី៖ បង្កើតKhmer24 ពីទុន៥០$ គ្មានគេចាប់អារម្មណ៍ ឥឡូវជាវ៉េបសាយទិញលក់ធំជាងគេនៅខ្មែរ

53243

Khmer24 គឺគេហទំព័រ (Website) ទិញលក់ទំនិញតាមអនឡាញដ៏មានប្រជាប្រិយជាងគេ និងកំពុងនាំមុនគេនៅកម្ពុជា ផ្តើមបង្កើតឡើងដោយស្ថាបនិកវ័យក្មេង លោក ទី រ៉ាឌី ដែលបានចំណាយលុយចាប់ផ្តើមគេហទំព័រនេះដំបូងត្រឹមតែ៥០ដុល្លារអាមេរិកប៉ុណ្ណោះ។

ឆ្លងតាមបទសម្ភាសន៍ជាមួយ Business Cambodia ស្ថាបនិកវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងថា៖ លោកចាប់ផ្តើម​ជាប់ចិត្តជាមួយបច្ចេកវិទ្យាសម័យថ្មី ទំនើបកម្ម តាំងពីពេលដែលលោកនៅជានិស្សិតរៀនជំនាញព័ត៌មានវិទ្យា (IT) ឆ្នាំទី២មកម្លេះ ហើយលោកតែងតែចំណាយគិតជាប់ជានិច្ចថា តើគួរបង្កើតអ្វីដែលថ្មី និងពិសេសសម្រាប់កម្ពុជា រហូតដល់ឆ្នាំ២០០២ លោកក៏ចាប់ផ្តើមបង្កើតគេហទំព័រណាត់ជួបមួយដែលមានឈ្មោះ”Let’s Date” ប៉ុន្តែពុំទទួលបានជោគជ័យឡើយ ដោយសារតែលោកនៅជានិស្សិតរៀនបានតិចនៅឡើយ មិនទាន់ចេះសរសេរកូដ។

ក្រោយការបរាជ័យលើកទីមួយ លោកមិនបានឈប់នៅស្ងៀមទេ ដោយងាកមកបង្កើតគេហទំព័រទី២របស់ខ្លួនដែលជាគេហទំព័រស្វែងរកការងារ ប៉ុន្តែរហូតមកដល់ពេលនេះ គេហទំព័រមួយនេះនូវពុំទាន់ទទួលបានជោគជ័យនៅឡើយ តែទោះជាធ្វើទៅមិនរួចបីដងទៅហើយក៏ដោយ ក៏លោកនៅតែមិនបោះបង់ និងនៅតែមានជំនឿថាអាចធ្វើឲ្យគេហទំព័រនេះទទួលបានជោគជ័យនៅថ្ងៃណាមួយ។

លោកបន្តថា៖ ទោះជាការបង្កើតវ៉េបសាយទីមួយនេះ បរាជ័យ ស្របពេលជាមួយគ្នា គេហទំព័រទី២នូវរកជោគជ័យមិនទាន់ឃើញ តែចិត្តដែលស្រឡាញ់បច្ចេកវិទ្យា និងឆន្ទៈក្នុងបង្កើតអ្វីដែលថ្មីនៅតែមាន ហើយការបរាជ័យទីមួយនេះ បានរុញច្រានចិត្តលោកឲ្យកាន់តែខិតខំទ្វេឡើង ខិតខំអភិវឌ្ឍនខ្លួនឯង រៀនសូត្រពីភាពរីកចម្រើននៃបណ្តាប្រទេសអភិវឌ្ឍន៍ អ្នកជំនាញ និងមហាសេដ្ឋីបច្ចេកវិទ្យាផ្សេងៗលំដាប់ពិភពលោក។

លោក ទី រ៉ាឌី បានមានប្រសាសន៍យ៉ាងមឹងម៉ាត់ថា៖ “ពេលគាត់ឃើញគេមានបច្ចេកវិទ្យា មានគេហទំព័រមានប្រយោជន៍មួយចំនួនដែលជួយដល់សង្គមមនុស្សច្រើន គាត់ក៏មានក្តីស្រមៃចង់បង្កើតអ្វីមួយ ដែលជួយដល់ប្រជាជនកម្ពុជាដូចគេដែរ។”

នៅឆ្នាំ២០០៩ គេហទំព័រ Khmer24 ក៏ចាប់ផ្តើមកំណើតឡើង ខណៈពេលដែលលោកទី រ៉ាឌី បានក្លាយជាសាស្ត្រាចារ្យបង្រៀនផ្នែកព័ត៌មានវិទ្យានៅសកលវិទ្យាល័យមួយកន្លែង ដោយចំណាយដើមទុនក្នុងការបង្កើតដំបូងអស់ប្រមាណតែ៥០ដុល្លារអាមេរិកប៉ុណ្ណោះ។

លោកទី រ៉ាឌី មានប្រសាសន៍បញ្ជាក់ថា៖ កាលគាត់ចាប់ផ្តើម Khmer24 ដោយសារតែគាត់មានជំនាញខាងព័ត៌មានវិទ្យា និងសរសេរកូដស្រាប់ ធ្វើឲ្យការចំណាយក្នុងចាប់ផ្តើមអស់តិចមែនទែន ប្រមាណតែ៥០ដុល្លារប៉ុណ្ណោះ ក្នុងខែទីមួយ ក្នុងនោះលោកបានចំណាយតែ២០ដុល្លារប៉ុណ្ណោះ ទៅលើការធ្វើទីផ្សារ (Marketing) ប៉ុន្តែក្នុងខែទីមួយនោះ ចំនួនអ្នកចូលមើលប្រហែលតែ៥០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

គាត់បានបង្ហើបប្រាប់ពីយុទ្ធសាស្ត្រវាយលុកទីផ្សារដ៏មានប្រសិទ្ធិភាពយ៉ាងដូចនេះថា៖ គាត់បានដាក់ឈ្មោះវ៉េបសាយនេះថា Khmer24 គឺដើម្បីឲ្យគេឆ្ងល់ និងចង់ស្គាល់ ហើយនាំគ្នាចូលមើល យុទ្ធសាស្រ្តនេះហើយធ្វើឲ្យគាត់ចាយលុយអស់តិចមែនទែន។

លោកបន្ថែមទៀតថា៖ ដោយសារតែលោកពុំសូវមានលុយ ដូចនេះរាល់ចំណាយចាំបាច់ត្រូវគិតគូរឲ្យបានម៉ត់ចត់ ហើយដើម្បីចៀសវាងការចំណាយ ខណៈពេលដែលមិនទាន់មានចំណូល គាត់ត្រូវប្រើខ្លួនឯងជាដើមទុនឲ្យបានច្រើនបំផុត ដោយគាត់បង្ខំចិត្តដើរតួជានាយកក្រុមហ៊ុនផង ជាអ្នកលក់ផង ជាអ្នកសសេរកូដគេហទំព័រផង និងជាអ្នកទាលុយគេផង អ្វីក៏ធ្វើដែរ ដើម្បីក្តីស្រមៃរបស់ខ្លួន។

ក្រោយការតស៊ូម្នាក់ឯងអស់ពេលប្រមាណ ៥ឆ្នាំ លោកក៏ចាប់ផ្តើមជួលការិយាល័យផ្ទាល់ខ្លួន និងជួលបុគ្គលិកឲ្យធ្វើការងារខ្លះៗជំនួសលោក ដើម្បីឲ្យលោកមានពេលវេលាគិត និងរៀបចំយុទ្ធសាស្ត្រដឹកនាំឲ្យអាជីវកម្មនេះរីកធំធាត់បន្តទៀត ខណៈពេលដែលអាជីវកម្មមួយនេះចាប់ផ្តើមបង្កើតប្រាក់ចំណូលឲ្យលោក។

ក្រោយការតស៊ូ ជម្នៈឧបសគ្គអស់ពេលជិត១០ឆ្នាំមកនេះ Khmer24 បានវិវឌ្ឍន៍ខ្លួនក្លាយជាគេហទំព័រទិញលក់ឈានមុខគេនៅកម្ពុជា និងមានអ្នកចូលមើលរហូតដល់ទៅ៦ម៉ឺននាក់ឯណោះក្នុងមួយថ្ងៃ ហើយក្នុងមួយខែមានអ្នកទិញលក់ទំនិញលើគេហទំព័រនេះដល់ទៅជាងកន្លះលាននាក់ឯណោះ៕ Khmer24

 

អត្ថបទដោយ៖        MENG SONGHUA

អ្នកសរសេរព័ត៌មានសេដ្ឋកិច្ចជំនាញ Startup

[email protected]

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here