ភាពខុសគ្នារវាងការចាយនិងប្រើប្រាស់លុយ ដែលធ្វើឲ្យអ្នកនៅតែក្រ ចំណែកអ្នកមានកាន់តែមាន

0
4078

ភាពខុសគ្នាដ៏ចម្បងមួយរវាងអ្នកមាននិងអ្នកក្រគឺ ផ្អែកលើការប្រើប្រាស់និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ពីមួយថ្ងៃទៅមួយថ្ងៃយើងសង្កេតឃើញថា អ្នកមានកាន់តែមានទៅៗ ចំណែកអ្នកក្រមួយចំនួននៅតែក្រ នេះហើយដោយសារតែចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេមានកម្រិតខុសគ្នា។ លើសពីនេះទៅទៀត អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះគឺ អ្នកក្រភាគច្រើនតែងប្រើប្រាស់លុយកាក់ដែលរកឬសន្សំបាន ទៅទិញបំណុលឬយកបំណុលទៅទិញបំណុលជាដើម។ ដោយឡែក អ្នកមានវិញ ពួកគេតែងប្រើប្រាស់លុយ ឬបំណុលរបស់គេក្នុងការទិញទ្រព្យមិនចំណាយលើការទិញបំណុលនោះទេ។

ថ្ងៃនេះ ពាណិជ្ជកម្មកម្ពុជា សូមលើកយកចំណុចខុសគ្នាជាច្រើនដែលអ្នកក្រភាគច្រើនទំលាប់ប្រព្រឹតឡើងដោយមិនដឹងខ្លួន និងរបៀបនៃការប្រើប្រាស់លុយកាក់របស់អ្នកមានដែលធ្វើឲ្យពួកគេកាន់តែមានស្តុគស្តម្ភ៖

១. អ្វីជាបំណុលហើយអ្វីជាទ្រព្យ?
មានមនុស្សជាច្រើនតែងយល់ឃើញថា បំណុលគឺជាការជំពាក់ប្រាក់អ្នកដទៃដោយខ្លួនមិនទាន់បានសងរួចរាល់ ហើយទ្រព្យគឺជាអ្វីដែលខ្លួនមាននិងជាកម្មសិទ្ធិរបស់ខ្លួនយើងផ្ទាល់។ ទាក់ទងទៅនឹងនិយមន័យខាងលើនេះ លោក Robert Kiyosaki បានលើកឡើងថា បំណុលគឺជាអ្វីដែលធ្វើឲ្យយើងចំណាយលុយចេញពីហោប៉ាវរបស់យើង ហើយវាមិនបានផ្តល់ផលចំណេញអ្វីត្រលប់មកវិញឡើយ។ ចំណែកទ្រព្យគឺជាអ្វីដែលអាចរកលុយមកដាក់ក្នុងហោប៉ាវរបស់យើងជាប្រចាំ។
មានមនុស្សជាច្រើនតែងតែមានការភាន់ច្រឡំរវាងបំណុល និងទ្រព្យដែលជាហេតុនាំឲ្យពួកគេទិញបំណុលច្រើនជាងការទិញទ្រព្យ។ តួយ៉ាងការទិញផ្ទះ ឡាន ម៉ូតូ ទូរស័ព្ទ និងគ្រឿងសម្ភារនិយមផ្សេងៗទៀត សម្រាប់តែការស្នាក់នៅនិងការប្រើប្រាស់ដោយមិនបានផ្តល់មកវិញនូវផលចំណេញត្រលប់មកវិញនោះឡើយ។ ទោះយ៉ាងណា បំណុលទាំងប៉ុន្មានខាងលើនេះ ក៏អាចប្រែក្លាយជាទ្រព្យរកចំណូលឲ្យអ្នកបាន ដរាបណាអ្នកចេះប្រើប្រាស់វាដើម្បីរកផលកម្រៃចូលហោប៉ាវរបស់អ្នកដូចជា ការទិញផ្ទះសម្រាប់ជួល ឡានជួល ឬម៉ូតូជួលជាដើម។ អ្នកត្រូវចាំថា ទ្រព្យគឺជាអ្វីដែលចិញ្ចឹមអ្នក រីឯបំណុលគឺវាស៊ីអ្នក ពោលគឺប្រសិនបើអ្នកទិញទ្រព្យនោះអ្នកនឹងមានប្រាក់ចំណូលកើនឡើង តែបើអ្នកទិញប៉ះចំបំណុល នោះអ្នកនឹងត្រូវធ្លាក់ខ្លួនទៅក្នុងភាពជាទាសករនៃបំណុលអស់មួយជីវិត។ ចូរចាំថា៖ ដរាបអ្នកមានទ្រព្យបំណុលកាន់តែច្រើន នោះជីវិតរបស់អ្នកនឹងកាន់តែដុនដាប

២. ប្រើបំណុលទិញទ្រព្យ កុំប្រើបំណុលទិញបំណុល
បច្ចុប្បន្ន ការប្រើប្រាស់បំណុលមានច្រើនបែបច្រើនសណ្ឋានណាស់ដូចជា ការប្រើប្រាស់បំណុលសម្រាប់ការធ្វើអាជីវកម្ម ការប្រើប្រាស់បំណុលទិញអចលនទ្រព្យ ឬរបស់ប្រើប្រាស់មានតម្លៃផ្សេងៗទៀតជាដើម។ ជាមួយការប្រើប្រាស់បំណុលទាំងនោះ អាចនឹងផ្តល់នូវភាពរីកចម្រើនដល់អ្នកបាន ប្រសិនបើអ្នកចេះប្រើប្រាស់បំណុលដើម្បីបង្កើនចំណូលបន្ថែម ដូចជាបំណុលសម្រាប់អាជីវកម្ម និងការប្រើប្រាស់បំណុលដើម្បីទិញទ្រព្យជាដើម។ ទន្ទឹមនឹងនេះការផ្តល់នូវសេវាហិរញ្ញវត្ថុទិញបង់រំលស់ ដូចជាការទិញផ្ទះ ឡាន ម៉ូតូ និងសម្ភារៈផ្សេងៗទៀតសម្រាប់ការស្នាក់នៅ និងប្រើប្រាស់ដោយអ្នកមិនមានលុយផ្ទាល់ខ្លួន វាហាក់ដូចជាអ្នកកំពុងប្រើប្រាស់បំណុលដើម្បីទិញបំណុលយ៉ាងដូច្នេះដែរ។ ទង្វើនេះ វានឹងអាចធ្វើឲ្យអ្នកប្រឈមមុខជាមួយហានិភ័យនៅពេលដែលប្រភពចំណូលរបស់អ្នកដែលបានមកពីប្រភពផ្សេងៗដូចជា ចំណូលពីប្រាក់ខែ ឬមុខរបរផ្សេងៗ ត្រូវបាត់បង់ឬថយចុះ ខណៈដែលការប្រាក់នៃកម្ចីចេះតែកើនឡើងជាលំដាប់។ ហេតុនេះ ដើម្បីបញ្ចៀសនូវការប្រើប្រាស់បំណុលខុសគោលការន៍ អ្នកគួរតែចេះកែច្នៃការប្រើប្រាស់បំណុលទៅទិញទ្រព្យ ជំនួសការប្រើបំណុលទិញបំណុលដែលធ្វើឲ្យអ្នកកាន់តែវ័ណ្ឌក ពោលគឺអ្នកត្រូវប្រើប្រាស់បំណុលនោះ ទិញអ្វីមួយដែលអ្នកគិតថាវាអាចរកចំណូលមកវិញ ហើយត្រូវប្រើប្រាស់វាឲ្យអស់លទ្ធភាពដើម្បីទាញយកផលចំណេញ។ ឧទាហរណ៍ អ្នកបានខ្ចីលុយពីធនាគារដើម្បីទិញផ្ទះបង់រំលស់ ដែលក្នុងមួយខែ អ្នកត្រូវបង់ទៅឲ្យធនាគារមួយខែ ៥០០ដុល្លារ ប៉ុន្តែអ្នកអាចរកចំណូលពីផ្ទះនោះដោយការដាក់ជួល ឬបង្កើតអាជីវកម្មអ្វីមួយដោយក្នុងមួយខែអាចទទួលបានចំណូល ៧០០ដុល្លារ ដូច្នេះយើងឃើញថា ផ្ទះដែលអ្នកបានទិញវាគឺជាទ្រព្យ។ ផ្ទុយមកវិញ ផ្ទះនោះនឹងក្លាយជាបំណុល ប្រសិនបើអ្នកទិញសម្រាប់តែការស្នាក់នៅឬទុកចោលហើយត្រូវបង់លុយទៅធនាគារជារៀងរាល់ខែ។

៣. បំណុលអ្នកមាន និងបំណុលអ្នកក្រ
បំណុលចែកចេញជា២ប្រភេទ គឺបំណុលល្អ និងបំណុលអាក្រក់ឬហៅម្យ៉ាងទៀតថាបំណុលងាប់។ ជាទូទៅអ្នកមានភាគច្រើនតែងតែជ្រើសរើសយកបំណុលល្អ រីឯអ្នកក្រចូលចិត្តចាប់យកបំណុលអាក្រក់ ឬបំណុលងាប់ទៅវិញ។ បំណុលល្អ គឺជាការយកប្រាក់កម្ចីទៅប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព និងហ៊ុចផលចំណូលត្រឡប់មកវិញ តួយ៉ាងអ្នកមានតែងស្វែងរកកម្ចីដើម្បីធ្វើការវិនិយោគ ឬពង្រីកអាជីវកម្មរបស់ខ្លួន ហើយក្រោយពីបានទទួលផលចំណេញ ពួកគេនឹងប្រើប្រាស់ប្រាក់ទាំងនោះដើម្បីទិញទ្រព្យមកបង្កើនចំណូលបន្ថែម។ ហេតុនេះទើបយើងអាចមើលឃើញថា អ្នកមានកាន់តែមានទៅ ព្រោះដោយសារហេតុផលខាងលើ ដោយឡែកអ្នកក្រ ចេះតែក្រទៅៗដោយសារតែពួកគេចាប់យកបំណុលអាក្រក់នេះហើយ។ មនុស្សភាគច្រើនតែងតែខ្ចីបំណុល ដើម្បីចំណាយដោយមិនមានផលចំណេញមកវិញ ដូចជាការចំណាយលើការរស់នៅប្រចាំថ្ងៃ ហេតុនេះធ្វើឲ្យពួកគេប្រឈមមុខនឹងបញ្ហា នៅពេលដែលការប្រាក់កើនឡើង តែលទ្ធភាពសងមានកម្រិតទាប។ មួយវិញទៀត អ្នកក្រមួយចំនួនបានប្រើប្រាស់បំណុលខុសគោលដៅដូចជា ការទិញនូវសម្ភារស៊ីវិល័យដែលមិនចាំបាច់ ដើម្បីតែបង្ហាញពីភាពហ៊ឺហារ ដែលញាំងឲ្យពួកគេកាន់តែមានជីវភាពដុនដាបទៅវិញ ដោយសារការយល់ខុសទៅលើការប្រើប្រាស់បំណុលនេះ។ មហាសេដ្ឋីលំដាប់លេខ៣ លោក Warren Buffett ធ្លាប់បានលើកឡើងថា៖ ប្រសិនបើអ្នកចំណាយលុយទិញរបស់ដែលមិនចាំបាច់ មិនយូរមិនឆាប់អ្នកនឹងត្រូវបង្ខំចិត្តលក់របស់ដែលវាចាំបាច់សម្រាប់អ្នក។

សរុបមក ដើម្បីបញ្ចៀសនូវការប្រើប្រាស់បំណុលអាក្រក់ទាំងឡាយដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែដុនដាប ចូរប្រើប្រាស់ប្រាក់ឲ្យចំគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្រេចចិត្តប្រើប្រាស់បំណុល ចូរប្រើបំណុលដើម្បីទិញទ្រព្យ កុំប្រើបំណុលទៅទិញបំណុលបន្ថែម៕

អត្ថបទដោយ៖ SOY-VUTHEA
អ្នកជំនាញ៖ Startup & Franchise

LEAVE A REPLY

Please enter your comment!
Please enter your name here