មហាសេដ្ឋី Warren Buffett៖ ចង់ក្លាយជាអ្នកជំនួញដ៏ជោគជ័យ ដាច់ខាតសូមកុំលេងល្បែងឲ្យសោះ

0
78

លោក Warren Buffett គឺជាមហាសេដ្ឋីជាប់ឈ្មោះជាកំពូលអ្នកវិនិយោគដ៏ឈ្លាសវៃម្នាក់នៅលើពិភលោក​ លោកជាអ្នកជំនួញម្នាក់ដែលមានជំនាញដ៏ពូកែក្នុងការវិភាគពីទីផ្សារភាគហ៊ុន និងចេះប្រមើលពីហេតុការណ៍ដែលនឹងអាចកើតឡើងនាពេលខាងមុខ ហើយកម្រនឹងភ្លាំងភ្លាត់ណាស់។ លោក Warren Buffett ធ្លាប់បានមានប្រសាសន៍ថា បើអ្នកចង់ក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ដាច់ខាតកុំលេងល្បែងស៊ីសងឲ្យសោះ ព្រោះអំពើអបាយមុខមួយនេះគេបង្កើតឡើងសម្រាប់ឲ្យតែមនុស្សឆោតល្ងង់និងមនុស្សឆ្គួតលេងប៉ុណ្ណោះ។

មហាសេដ្ឋីជំនួញវិនិយោគរូបនេះបានលើកឡើងថា ការលេងល្បែងស៊ីសងវាជាសកម្មភាពឆ្គួតលីលាមួយដែលគេបង្កើតឡើងសម្រាប់មនុស្សល្ងង់និងឆោតសម្រាប់លេងប៉ុណ្ណោះ ព្រោះឱកាសនៃការរំពឹងឈ្នះរបស់អ្នកលេងគឺមានតិចតួចបំផុត មេមិនដែលនៅក្រោមពងនោះទេ។ មិនតែប៉ុណ្ណោះ អ្នកជំនួញដែលប្រព្រឹតអំពើល្បែងស៊ីសង ជឿចុះមិនយូរមិនឆាប់ ទ្រព្យទាំងឡាយរបស់គេនឹងត្រូវរលាយរលត់គ្មានសល់អ្វីឡើយ ក្រៅពីសម្បកខ្លួន។ ល្បែងអាចធ្វើឲ្យជំនួញរបស់អ្នករលត់ ជីវិតអាចនឹងរលាយ ជាពិសេសវានឹងធ្វើឲ្យគ្រួសារអន្តរាយ បែកបាក់គ្នាទៀតផង ដូច្នេះសូមចៀសឲ្យផុតពីអំពើអបាយមុខមួយនេះ។

មហាសេដ្ឋី Warren Buffett បានរំលឹកថា លោកស្អប់មិនចូលចិត្តលេងល្បែងទេ ប៉ុន្តែកាលពីនៅតូចលោកធ្លាប់រកស៊ីបានលុយយ៉ាងច្រើនគួរសមនៅកន្លែងប្រណាំងសេះ ដោយពេលនោះ លោកចូលទៅកន្លែងប្រណាំងសេះ ដើររើសសំបុត្រដែលអ្នកចាក់សេះជ្រុះនិងក្រវាត់ចោល ហើយសំបុត្រទាំងនោះលោកយកទៅលក់បន្តបានប្រាក់រាប់ពាន់ដុល្លារ។

គួរបញ្ជាក់ថា តាមជីវប្រវត្តិរបស់មហាសេដ្ឋីរូបនេះ លោកចេះចេញរកស៊ីតាំងពីលោកមានអាយុ១១ឆ្នាំមកម្ល៉េះ ដោយសារលោកចូលចិត្តយករបស់ចាស់ៗដែលអាចលក់បាន ឬទិញរបស់របរយកមកលក់បន្តដើម្បីបានកម្រៃសម្រាប់ចាយវាយ ជាពិសេសតាំងពីតូចមកលោកអាចរកចំណូលមកផ្គត់ផ្គង់ការសិក្សារបស់ខ្លួនឯងដោយមិនបានយកលុយប៉ាម៉ាក់របស់គាត់មកបង់សាលារៀននោះទេ។ បច្ចុប្បន្នលោក Warren Buffett មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជិត៩០ពាន់លានដុល្លារអាមេរិក ជាប់ជាមហាសេដ្ឋីលេខ៣នៅលើពិភពលោក បន្ទាប់ពីស្ថាបនិក Microsoft លោក Bill Gates និងស្ថាបនិក Amazon លោក Jeff Bezos៕

អត្ថបទដោយ៖ SOY-VUTHEA

LEAVE A REPLY

Please enter your comment!
Please enter your name here