ទំព័រដើម ចាប់ផ្តើមអាជីវកម្ម កសិករវ័យក្មេងកម្ពុជា បោះទុន១០ម៉ឺនដុល្លារ ដាំដំណាំ Strawberry នៅទឹកដីខេត្តពោធិ៍សាត់

កសិករវ័យក្មេងកម្ពុជា បោះទុន១០ម៉ឺនដុល្លារ ដាំដំណាំ Strawberry នៅទឹកដីខេត្តពោធិ៍សាត់

 

Strawberry ជាប្រភេទផ្លែឈើផ្តល់សុខភាពនិងសម្រស់ដែលមនុស្សគ្រប់រូបពេញនិយមទទួលទានទូទាំងពិភពលោកបាននឹងកំពុងមានវត្តមាននៅលើទឹកដីខេត្តពោធិសាត់ នៃប្រទេសកម្ពុជាហើយ។

នៅក្នុងបទសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយ Business Cambodia លោក អ៊ូច សំបូរ កសិករវ័យក្មេង ដែលជាម្ចាស់ចំការ Strawberry បានឲ្យដឹងថា ដំណាំ Strawberry ពិតជាបានដាំដុះលើទឹកដីខេត្តពោធិសាត់នៅលើផ្ទៃដីជិត ២ហិចតា ដែល​​លោកបានបោះទុន ប្រមាណជិត ១០ម៉ឺនដុល្លារអាមេរិក ។

លោកបានមានប្រសាសន៍ថា មូលហេតុដែលជម្រុញឲ្យខ្ញុំសម្រេចចិត្តដាំដំណាំនេះឡើង គឺដោយសារតែខ្ញុំមើលឃើញថាប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសភាគច្រើនយល់ឃើញថា អាកាសធាតុនៅប្រទេសខ្មែរយើង​​គឺមិនអាចដាំប្រភេទដំណាំនេះបានទេ តែផ្ទុយទៅវិញខ្ញុំគិតថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេ

លោកបានបន្តទៀតថា  សម្រាប់ជំហានដំបូងគឺលោកផ្តោតទៅលើទីផ្សារក្នុងស្រុក ហើយ ចំពោះអតិថិជនគោលដៅគឺសម្រាប់ប្រជាពរដ្ឋគ្រប់វ័យ តែយុវវ័យអាចជាអតិថិជនដែលមានការចាប់អារម្មណ៏ច្រើនជាង ព្រោះយុវវ័យភាគច្រើនគាត់ចូលចិត្តផ្លែ Strawberryព្រោះផ្លែឈើនេះមានអត្ថប្រយោជន៍ជាច្រើនដល់ពួកគេ។

លោកក៏បានបន្ថែមបន្តទៀតថា លោកបាននាំចូលកូន Strawberry ចំនួន១៥,០០០ដើមរួមទាំងដំនាំមួយចំនួនទៀត ដូចជា ម្នាស់ ប៊ឺ និងក្រូចអេស្ពាញ់ មកដាំនៅលើផ្ទៃដីជិត ២ហិចតា ដែលស្ថិតនៅភូមិ អូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិសាត់។

ជាក់ស្តែងអ្វីដែលលោកទទួលបានគឺលោកបានប្រមូលផលលើកទី១ បានចំនួន ២០គីឡូក្រាមដែលលោកបាន លក់ចេញក្នុង តម្លៃចន្លោះពី ១១ទៅ១៣ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។

ទោះជាចំនួននេះតិចតួចក្តី តែនេះគ្រាន់តែជាជំហានដំបូងរបស់គាត់តែប៉ុណ្ណោះ តែអ្វីដែលលោកនឹងបន្តក្រោយពីការដាំរយៈ៣ខែ គឺលោករំពឹងនឹងទទួលបានចំនួនពី ១០០គីឡូក្រាម ក្នុងមួយសប្ដាហ៌ និងលោកមានមហិជ្ជតានឹងពង្រីកការដាំចុះនៅលើផ្ទៃដី ៦ហិចតានោះ បើលោកទទួលបានជោគជ័យក្នុងជំហានទី២នេះ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ហើយប្រសិនជាមានឱកាសលោកនឹងបន្តទៅកាន់ទីផ្សារក្រៅប្រទេសទៀតផង។

ទាំងនេះលោកមិនបានធ្វើឬក៏គិតតែម្នាក់ឯងដែរពោលគឺលោកបានសហការជាមួយអ្នកជំនាញដែលជាជនជាតិអេស្បាញផងដែរ ដើម្បីឲ្យការដាំដំណាំ​មួយនេះជោគជ័យ​ហើយមានវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំទៅលោកបាននាំចូលកូន Strawberryប្រមាណជា១០,០០០​ដើមផងដែរ ប៉ុន្តែត្រូវបានបរាជ័យទាំងស្រុងដោយសារតែ​លោកខ្វះបទពិ​សោធ ម្យ៉ាងវិញទៀតការនាំចូលកូនគឺខុសរដូវដែលនាំឲ្យកូន Strawberryមិនអាចលូតលាស់បានល្អ ព្រមទាំងបញ្ហាមួយ​ចំនួន​ទៀត

យ៉ាងណាមិញ លោកក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឲ្យងាកមកមើលប្រភេទដំណាំនេះ ព្រោះនេះជាប្រភេទដំណាំដ៏កម្រ ហើយនេះក៏ជាការលើស្ទួយលើកកិត្តិយស លើកមុខមាត់ សង្គមយើងផងដែរ ដើម្បីឲ្យពិភពលោកដឹងថានៅប្រទេសខ្មែរយើងក៏អាចដាំបានដែរ និងម្យ៉ាងទៀតយើងអាចកាត់បន្ថយការនាំចូលពីក្រៅប្រទេសទៀតផង។​​

លើសពីនេះលោកក៏សូម ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកសិកម្ម ព្រមទាំងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានគយ ដែលបានអនុញ្ញាតឲ្យ លោក​​បាននាំចូលទាន់ពេលវេលានិងអនុគ្រោះលើពន្ធនាំចូលកូនពូជ Strawberry នេះផងដែរ។

ជាពិសេស លោកសូមអរគុណដល់ លោក ចន ផេង ដែលអាជីវករនិងជាអ្នកជំនាញផ្នែកកសិកម្មនៅ ភូមិ អូសោម ព្រមទាំង លោក ហុក ឈាងទូច ម្ចាស់ចំការម្រេច និងជាមេការម្រេចផងដែរ ដែលតែងតែផ្តល់បទពិសោធនិងដំបូន្មានល្អៗមកដល់លោកព្រមទាំងកម្មករចំការទាំងមូលផងដែរ៕

អត្ថបទដោយ ពេជ្រ ស្រីវណ្ណ

Comments

comments