ទំព័រដើម ភាពជាអ្នកដឹកនាំ គន្លឹះដ៏មានប្រសិទ្ធភាពដើម្បីនិយាយដោយមានភាពជឿជាក់នៅលើវេទិកាឬទីសាធារណៈ

គន្លឹះដ៏មានប្រសិទ្ធភាពដើម្បីនិយាយដោយមានភាពជឿជាក់នៅលើវេទិកាឬទីសាធារណៈ

អ្នកណាៗក៏ខ្វះខាតនូវភាពជឿជាក់ឬមានភាពភ័យខ្លាច ឲ្យតែនឹកឃើញដល់ការនិយាយជាសាធារណៈ (Public Speaking) ឬឡើងនិយាយនៅក្នុងកម្មវធីផ្លូវការជាដើម។ យ៉ាងណាមិញ អ្នកចៀសបញ្ហាមួយនេះមិនរួចនោះទេនៅក្នុងជីវិត ហេតុនេះវាល្មមដល់វេលាដែលអ្នកគួរធ្វើអ្វីម្យ៉ាងហើយ ដូចជាសាកល្បងនូវវិធីសាស្ត្រខាងក្រោម៖

១-និយាយទាក់ទងពីបទពិសោធន៍របស់ខ្លួន

អត្ថប្រយោជន៍នៃការធ្វើបែបនេះគឺ អ្នកមិនចាំបាច់ចំណាយពេលក្នុងការព្យាយាមចងចាំអ្វីឡើយ ហើយវាក៏ជាវិធីទាក់ទាញទស្សនិកជនដ៏ល្អមួយ ព្រោះថាវាជាបទពិសោធន៍ពិតៗរបស់អ្នកផ្ទាល់តែម្ដង។ វាគឺជាការចែករំលែកដ៏ល្អមួយ ហើយវាព្រមទាំងធ្វើឲ្យអ្នកផងងាយយល់ពីអារម្មណ៍របស់អ្នកនៅពេលនោះផងដែរ។

២-រៀនដកដង្ហើម

ការដកដង្ហើមនៅពេលដែលអ្នកកំពុងតែភ័យគឺពិតជាសំខាន់ខ្លាំងណាស់ ហើយប្រសិនបើអ្នករៀនដកដង្ហើមបានល្អ​ នោះវានឹងជួយសម្រួលទៅដល់អារម្មណ៍របស់អ្នកកុំឲ្យតានតឹងពេកផងដែរ។ ឧទាហរណ៍ងាយៗគឺដូចជាការដកដង្ហើមវែងៗជាដើម។

៣-វាត្រូវការការហ្វឹកហាត់

កុំមានអារម្មណ៍ថាមិនហ៊ានឲ្យសោះនៅពេលដែលអ្នកឃើញអ្នកដែលនិយាយល្អជាងអ្នកនោះ ព្រោះថាវាមិនមែនជាទេព្យកោសល្យពីកំណើតអ្វីនោះទេ តែវាជាជំនាញមួយដែលត្រូវការការហ្វឹកហាត់ និងបទពិសោធន៍ច្រើន។

៤-ការបើកនិងបិទឆាក

វាពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនៅក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនឬអ្នកស្ដាប់ផងទាំងឡាយ។ ប្រសិនបើអ្នកធ្វើបានល្អតាំងពីដំបូង នោះអ្នកទាំងអស់នោះប្រាកដជានៅចង់ត្រងត្រាប់ស្ដាប់អ្នកជារឿយៗជាក់ជាមិនខាន។ រីឯការបិទឆាករបស់អ្នកក៏គួរតែល្អឥតខ្ចោះមិនចាញ់ការបើកឆាករបស់អ្នកប៉ុន្មាននោះទេ។

៥-កុំផ្ដល់សម្ពាធឲ្យខ្លួនឯង

បរិយាកាសនៅជុំវិញខ្លួនរបស់អ្នកបានផ្ដល់សម្ពាធឲ្យអ្នករួចទៅហើយ មិនថាតិចឬច្រើននោះទេ​ ហេតុនេះប្រសិនបើអ្នកព្យាយាមបន្ថែមសម្ពាធមកដល់ខ្លួនឯងទៀត នោះអ្នកនឹងពិបាកក្នុងការនិយាយជាក់ជាមិនខាន។ គន្លឹះសំខាន់នោះគឺ ព្យាយាមធ្វើខ្លួនធម្មតា ហើយនិយាយអ្វីដែលគួរនិយាយដោយមានភាពជឿជាក់។

៦-ការញញឹម

កុំធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាតានតឹងឲ្យសោះ ព្រោះបើពួកគេមានអារម្មណ៍បែបនោះ​ មិនយូរមិនឆាប់ពួកគេនឹងឈប់ស្ដាប់អ្នកហើយ។ ញញឹមដាក់ពួកគេជានិច្ច ហើយធ្វើឲ្យអ្នកទាំងអស់នោះមានអារម្មណ៍ថាស្រស់ស្រាយនៅពេលដែលបានស្ដាប់អ្នក៕

ដោយ៖ ម៉ាយ៉ារស្មី

Comments

comments