ទំព័រដើម ភាពជាអ្នកដឹកនាំ Mark Cuban៖ ទង្វើទាំង៤ដែលមេដឹកនាំគំរូមិនត្រូវប្រព្រឹត្តិ

Mark Cuban៖ ទង្វើទាំង៤ដែលមេដឹកនាំគំរូមិនត្រូវប្រព្រឹត្តិ

មុននឹងអាចក្លាយទៅជាមេដឹកនាំដ៏ល្អម្នាក់បាន វាទាមទារឲ្យអ្នកមានការតស៊ូនិងការអត់ធ្មត់ច្រើន បូករួមទាំងអ្វីដែលអ្នកគួរធ្វើយ៉ាងសម្បូរបែបទៀត។ យ៉ាងណាមិញ ទន្ទឹមនឹងនោះលោក Mark Cuban ដែលជាសហគ្រិនរាប់លានដុល្លារ បានចែករំលែកអំពីទង្វើមួយចំនួនដែលក្នុងនាមអ្នកជាមេដឹកនាំមួយរូបគឺមិនគួរប្រព្រឹត្តិនោះឡើយដូចជា៖

១) មិនធ្វើអ្វីតាមគេបញ្ជានោះទេ៖ មេដឹកនាំល្អតែងតែបង្កើតវិធីដោយខ្លួនឯង និងមិនពឹងផ្អែកលើអ្នកដទៃនោះទេ ប្រសិនបើមិនមានភាពចាំបាច់។ ការរង់ចាំស្ដាប់តែគំនិតរបស់អ្នកកូនក្រុម និងអ្នកដទៃតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ អ្នកត្រូវតែបញ្ចេញមតិផ្ទាល់ខ្លួន និងថ្លឹងថ្លែងឲ្យបានល្អ ដោយមិនមែនស្ដាប់តែមួយមុខហើយចប់នោះទេ។

២) មិនខ្លាចក្នុងការទទួលយកការងារដែលលំបាកជាងមុននោះទេ៖ នៅក្នុងលោកយើងនេះ អ្វីៗទាំងអស់តែងតែដើរទៅមុខជានិច្ច សូម្បីទាំងពេលវេលាជាដើម។ ហេតុនេះ អ្នកក៏ត្រូវតែដើរទៅមុខដូចគ្នាដើម្បីអភិវឌ្ឍខ្លួនឯងឲ្យល្អជាងមុន ដោយការចាប់យកការងារដែលមានភាពលំបាកជាងមុន ព្រោះបើអ្នកនៅតែធ្វើការងារដែលអ្នកមានភាពសាំជាមួយ នោះអ្នកនឹងមិនងាយលូតលាស់ទៅមុខនោះឡើយ។

៣) កុំរស់នៅក្នុងអតីតកាល៖ កាលដែលនិយាយថាមិនឲ្យអ្នករស់នៅក្នុងអតីតកាលនេះមិនមែនបានន័យថាអ្នកត្រូវបំភ្លេចអតីតកាលចោលនោះទេ។ ​មេរៀនដែលធ្លាប់បានឆ្លងកាត់ពីមុនពិតជាមានតម្លៃសម្រាប់អ្នកនាពេលបច្ចុប្បន្ននេះណាស់ ដោយឡែកអ្នកមិនគួរឲ្យវាជះឥទ្ធិពលមកលើបច្ចុប្បន្នកាលរបស់អ្នកពេកនោះទេ។ អ្នកគួរតែផ្ដោតអារម្មណ៍ចំពោះអ្វីដែលអ្នកកំពុងធ្វើនាពេលនេះទៅនិងគម្រោងសម្រាប់ថ្ងៃអនាគតរបស់អ្នកទៅ ទើបវាល្អជាជាង។

៤) កុំបានតែនិយាយ៖ មេដឹកនាំល្អពិតប្រាកដគឺមិនចូលចិត្តធ្វើអ្វីមួយដោយអាងតែមាត់ ដោយឡែកពួកគេធ្វើការអនុវត្តផ្ទាល់ និងគោរពពាក្យសម្ដីរបស់ពួកគេជានិច្ច។ សម្រាប់អ្នកក៏ដូចគ្នា ត្រូវរៀនធ្វើអ្វីដោយប្រើប្រាស់សកម្មភាពជាសម្អាង ព្រោះមិនថាអ្នកពូកែទ្រឹស្ដីយ៉ាងណានោះទេ អ្នកផងទាំងឡាយនឹងជឿជាក់ដោយយោងតាមតែសកម្មភាពរបស់អ្នកតែប៉ុណ្ណោះនោះទេ៕

ដោយ៖ ម៉ាយ៉ារស្មី

Comments

comments