ទំព័រដើម ព័ត៌មានថ្មីៗ ឡាវនឹងលក់អគ្គិសនីក្នុងតម្លៃថោកដល់ពលរដ្ឋកម្ពុជាក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារ

ឡាវនឹងលក់អគ្គិសនីក្នុងតម្លៃថោកដល់ពលរដ្ឋកម្ពុជាក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារ

ប្រទេសឡាវនឹងលក់អគ្គីសនីក្នុងតម្លៃថោកមកឲ្យប្រទេសកម្ពុជា ដែលភាគច្រើនប្រើប្រាស់នៅក្នុងខេត្តស្ទឹង​ត្រែង និងខេត្តព្រះវិហារ។ នេះបើយោងតាមប្រសាសន៍របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវច្រកទ្វារអន្តរជាតិពាំង​ក្រៀង​-ណង​​​ណុក​ខៀនវារវាងកម្ពុជា-ឡាវនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

ទំនប់វារីអគ្គិសនីនេះ មានឈ្មោះថាទំនប់វារីអគ្គិសនីដង​សាហុងដែល​ស្ថិត​នៅក្នុង​តំបន់​ស៊ីផ​ផាន់ដនភាគខាងត្បូងប្រទេសឡាវ ហើយមាន​ចម្ងាយ​ប្រមាណ៩គីឡូម៉ែត្រ​ពីព្រំដែន​ខេត្ត​ស្ទឹងត្រែង។ ការលក់អគ្គិសនីក្នុងតម្លៃថោកដល់ពលរដ្ឋកម្ពុជានេះ វានឹង​ជួយសម្រួល​ដល់ជីវភាព​មួយចំណែករបស់ពលរដ្ឋកម្ពុជា មិនត្រឹមតែប៉ុណ្ណោះវា​នឹងជួយសម្រួល​ដល់​ដំណើរ​​ការអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែនកម្ពុជា និងឡាវផង។

ទំនប់វារីអគ្គិសនីនេះមានកម្ពស់ប្រហែលពី ៣០ ម៉ែត្រ ទៅ ៣២ម៉ែត្រ និងមានប្រវែង​ប្រហែល ៧គីឡូម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីបានចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ ២៦០មេហ្គាវ៉ាត់។

ទន្ទឹមប្រទេសទំាងពីរទើបតែសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិត្រពាំង​ក្រៀង​-ណង​​​ណុក​ខៀនវាច្រកដ៏សំខាន់មួយសម្រាប់ប្រជាជន​រស់នៅតាម​បន្ទាត់ព្រំដែន​បង្កការ​ងាយ​ស្រួលក្នុងការដោះដូរធ្វើពាណិជ្ជកម្ម។ បន្ថែមពីលើនេះប្រទេសទំាងពីរក៏មាន​គម្រោង​បើកច្រកទ្វារថ្មីមួយទៀតឈ្មោះថាអូស្វាយ-វឿនខាំនៅពេលខាងមុខផងដែរ៕ អត្ថបទដោយ៖ ម៉ន វុទ្ធា

Comments

comments