ទំព័រដើម ព័ត៌មានថ្មីៗ ចាប់ពីឆ្នាំ២០១៧នេះកម្ពុជា-ឡាវបានឯកភាពគ្នាបង្កើតប័ណ្ណព្រំដែនដើម្បីសម្រួលការដោះដូរពាណិជ្ជកម្ម

ចាប់ពីឆ្នាំ២០១៧នេះកម្ពុជា-ឡាវបានឯកភាពគ្នាបង្កើតប័ណ្ណព្រំដែនដើម្បីសម្រួលការដោះដូរពាណិជ្ជកម្ម

ខេត្តស្ទឹងត្រែង៖ រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសឡាវបានឯកភាពគ្នាអនុញ្ញាត​ឲ្យប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំប្រើប្រាស់ប័ណ្ណព្រំដែនជាផ្លូវការដែលបានកំណត់ដើម្បីសម្រួលទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងដើម្បីបង្ក​លក្ខណៈ​​ងាយស្រួលក្នុងការដោះដូរពាណិជ្ជកម្មទ្វាភាគីផងដែរ។

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះកម្ពុជា-ឡាវបាន​សម្ពោធដាក់​ឲ្យប្រាស់​ជា​ផ្លូវ​ការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំង​ក្រៀង-ណង​ណុក​ខៀន នៅព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ​ក្រោម​អធិបតីសម្តេចតេជោ ហ៊ុន សែន និងលោក ថង​លូន ស៊ីស៊ូលីត នាយក​រដ្ឋមន្ត្រីឡាវ។

ច្រកទ្វារព្រំដែនអន្តរជាតិថ្មីនេះនឹងជួយដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជានិង​ឡាវក្នុងការបង្កើតការដោះដូរទំនិញគ្នាទៅវិញទៅមក ហើយវានឹងជួយ​បង្កើត​ចំនួន​ភ្ញៀវទេសចរជាតិ-អន្តរជាតិឆ្លងកាត់ព្រំដែនអន្តរជាតិនេះ។ ប័ណ្ណ​ព្រំដែន​ថ្មីនេះដែលរដ្ឋាភិបាលទំាងពីរបានឯកភាពគ្នានោះវានឹងជួយសម្រួលការឆ្លងដែនរវាងប្រជាជននៃប្រទេសទំាងពីរដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះតទៅ។

សូមបញ្ជាក់ផងដែរថា កន្លងមកសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាក៏ បានស្នើឲ្យ​គណៈ​កម្មការចម្រុះព្រំដែនសម្រេចអោយបានឆាប់ដើម្បីឈានដល់ការបើកច្រកអូស្វាយ-វឿនខាំ ច្រកទ្វារតំបន់កោះឬស្សី និងច្រកលេខ៤៨​ខាងឡាវឲ្យ​បានជាស្ថាពរ​ផង​ដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

 

 

Comments

comments