ទំព័រដើម ហិរញ្ញវត្ថុ ធនាគារស្ថាបនា ភីអិលស៊ី តែងតាំងប្រធាននាយកប្រតិបត្តិថ្មី

ធនាគារស្ថាបនា ភីអិលស៊ី តែងតាំងប្រធាននាយកប្រតិបត្តិថ្មី

រាជធានីភ្នំពេញ៖ ធនាគារ ស្ថាបនា ភីអិលស៊ី បានប្រកាស​តែងតាំង​​លោក Norihiko Kato ជាប្រធាននាយក​ប្រតិបត្តិថ្មីរបស់ធនាគារ​ស្ថាបនា ភីអិលស៊ី ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះតទៅ ដើម្បីជំនួសតំណែងលោកឧកញ៉ា បណ្ឌិត ប៊ុន មុនី​ដែលទើបតែលាចេញពីតំណែងប្រធាននាយកប្រតិបត្តិនៅថ្ងៃទី៣០ខែវិច្ឆិការកន្លងមកនេះ។ នេះបើយោងតាមការប្រកាសឲ្យព័ត៌មានពីធនាគារស្ថាបនាភីអិលស៊ី។

លោក Norihiko Kato មានបទពិសោធន៍​យ៉ាង​ទូលំទូលាយ​ក្នុងវិស័យ​​ធនាគារ​​​ជាង​៣០ឆ្នាំ។ មុនចាប់ផ្តើមតួនាទីជា​ប្រធាននាយក​ប្រតិបត្តិថ្មីនេះ​លោកធ្លាប់បម្រើការ​ងារ​នៅ​ធនាគារ​ Bank of Tokyo-Mitsubishi UFJ, Ltd. (BTMU) ​​​នៅ​ទីក្រុងតូក្យូ ទីក្រុង​ញូយ៉ក ទីក្រុង​អាមស្ទើដាម និងបារ៉ែន ដែល​ទទួល​បន្ទុក​​លើផ្នែក​ធនាគារ​​សាជីវកម្ម ផ្នែក​ធនធាន​​មនុស្ស ផ្នែកផែនការ និងផ្នែក​គ្រប់គ្រង។

លោកបាន​​លាឈប់​ពី​ ធនាគារ BTMU ក្នុងឆ្នាំ២០០៩ និងបាន​ចូល​បម្រើការងារ​ធនាគារ Khan Bank LLC ដែលជាធនាគារឈានមុខគេ​ក្នុង​ប្រទេស​ម៉ុងហ្គោលី ក្នុងតួនាទីជា​ទីជា​ប្រធាននាយក​ប្រតិបត្តិស្តីទី​ក្នុងឆ្នាំ២០១១ និងជាប្រធាននាយក​ប្រតិបត្តិចាប់ពី​ឆ្នាំ​២០១២ រហូតដល់​ខែមិនា ឆ្នាំ២០១៦។ ហើយមុនពេលលោកត្រូវ​បាន​តែងតំាង​ជា​ប្រធាន​​​នាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ភីអិលស៊ី លោកបាន​បម្រើការងារ​ជា​នាយក​​អាជីវកម្មហិរញ្ញវត្ថុ​​​ក្រៅប្រទេស​របស់សាជីវកម្ម ម៉ារ៉ូហាន់។

ប្រធានក្រុមប្រឹក្សាភិបាល លោកបណ្ឌិត ហាន់ ចាងវ៉ូ បានបញ្ជាក់ថា យើងខ្ញុំ​ជឿជាក់​ថា​បទ​ពិសោធន៍​ដ៏ច្រើនរបស់ លោក Norihiko Kato នឹងក្លាយជាអត្ថប្រយោជន៍យ៉ាង​សំខាន់​ក្នុងការ​នាំយក ធនាគារ ស្ថាបនា ភីអិលស៊ី ឈានទៅកាន់កម្រិតកាន់តែ​ប្រសើរ​ឡើង​ក្នុង​នាម​ជាធនាគារពាណិជ្ជ​ដែលផ្តល់ជូន​នូវគ្រប់​តម្រូវការសេវា​ធនាគារពេញ​លេញ​របស់អតិថិជន។

សូមបញ្ជាក់ផងដែរថា ធនាគារស្ថាបនា ភីអិលស៊ី បានចាប់​ផ្ដើម​ពីអង្គការ​ក្រៅរដ្ឋាភិបាល​នៅ​ក្នុងឆ្នាំ ១៩៩៥ ក្រោម ឈ្មោះថា ស្ថាបនាសហគមន៍កម្ពុជា (ហៅកាត់ថាCCB) ដោយ​ផ្ដល់សេវាកម្មអប់រំផ្នែកសុខភាព និងហិរញ្ញវត្ថុដល់សហគមន៍ក្រីក្រ ប្រែក្លា​ក្លាយ​ជាធនា​គារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា នាខែមីនា ឆ្នាំ២០១៦ ក្រោមការ​ដឹក​នាំ​របស់​ឧកញ៉ា​បណ្ឌិត ប៊ុន មុនី មុននឹងលោកលាលែងពីតំណែងជាប្រធាននាយកប្រតិបត្តិ​ ដែរ​លោក​បម្រើការងារជាង២០ឆ្នាំមកហើយ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

 

Comments

comments