ទំព័រដើម ព័ត៌មានថ្មីៗ ធនាគារកាណាឌីយ៉ាចាប់ឆ្នោតស្វែងរកអ្នកមានសំណាងឈ្នះរង្វាន់ធំក្នុងកម្មវិធីកាសាសំណាង

ធនាគារកាណាឌីយ៉ាចាប់ឆ្នោតស្វែងរកអ្នកមានសំណាងឈ្នះរង្វាន់ធំក្នុងកម្មវិធីកាសាសំណាង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅស្នាក់ការិយាល័យកណ្តាលធនាគារកាណាឌីយ៉ា នៅជាន់ទី១៩ បានរៀបចំការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនដាក់ប្រាក់បញ្ញើសន្សំទាំងអស់ដែលចូលលេងក្នុងកម្មវិធីកាសាសំណាង។ រង្វាន់ទី១៖ដំណើរកម្សាន្តទៅកាន់ប្រទេសអូស្រា្តលីរយៈពេល៩ថ្ងៃសម្រាប់មនុស្ស៣នាក់  រង្វាន់ទី២៖ ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនរយៈពេល៧ថ្ងៃសម្រាប់មនុស្ស២នាក់  និងរង្វាន់ទី៣៖ ការស្នាក់នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុចំនួន២យប់សម្រាប់មនុស្ស២នាក់។

កម្មពិធីនេះមានការចូលរួមធ្វើជាសក្ខីភាពពីសំណាក់បុគ្គលិករបស់ធនាគារ កាណាឌីយ៉ា គ្រប់លំដាប់ថ្នាក់នៅក្នុងក្រុងភ្នំពេញ ព្រមទាំងអ្នកសារព័ត៌មានជាតិជាច្រើននាក់ទៀត ដែលការចាប់ឆ្នោតធ្វើឡើងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិដ៍ទំនើប និងមានតម្លាភាពបំផុតរបស់ធនាគារ។

ប្រធាននាយកដ្ឋាន ប្រតិបត្តិការធនាគារ  លោក នង គន្ធកាណែល បានសម្តែងចំណាប់អារម្មណ៍ ទៅកាន់អ្នកចូលរួមថា កម្មវិធីកាសាសំណាងទទួលបានអតិថិជនចូលរួមគាំទ្ររាប់សែននាក់តាំងពីពេលចាប់ផ្តើម រហូតដល់បច្ចុប្បន្ន ដែលធ្វើឲ្យកំណើនសមតុល្យប្រាក់បញ្ញើសន្សំនៅក្នុងធនាគារកាណាឌីយ៉ាកើនជាវិជ្ជមានបើប្រៀបនឹងឆ្នាំកន្លងទៅ។ លទ្ឋផលដ៍គួរឲ្យមោទនភាពនេះគឺបានមកពីការបន្តគាំទ្ររបស់អតិថិជន គ្រប់ទិសទី មកលើធនាគារកាណាឌីយ៉ា និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់បំពេញនូវកាតព្វកិច្ចក្នុងការផ្តល់សេវាកម្មល្អ និងរហ័សប្រកបដោយវិជ្ជាជីវៈខ្ពស់។ លោកបានបន្ថែមទៀតថា ជាយុទ្ធសាស្ត្រសំរាប់ឆ្នាំបន្ទាប់ទៀតធនាគារ កាណាឌីយ៉ានឹងបង្កើតឲ្យមានកម្មវិធីល្អៗ បង្កើតផលិតផលដែលមានភាពច្នៃប្រឌិតខ្ពស់ ពង្រឹងការផ្តល់សេវាកម្មឲ្យកាន់តែរហ័ស ធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើងកាន់តែមានភាពងាយស្រួលតបតាមតម្រូវការ។

សូមបញ្ជាក់ថា៖ កម្មវិធីនេះមានរយៈពេល៦ខែចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦  ហើយយើងបានចាប់រង្វាន់ ៥លើករួចមកហើយ សម្រាប់ដំណើរកម្សាន្តទៅប្រទេសនានា  ដូចជា៖  ក្រុងហុងកុង ក្រុងហូជីមិញ ក្រុងហាណូយ និងឆ្នេរហាឡុង ក្រុងប៉េកាំង និងសៀងហៃ  ប្រទេសកូរ៉េ  ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី  និងស្នាក់នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ៕

casa1

casa2

អត្ថបទដោយ សាវ៉េត

Comments

comments