ទំព័រដើម ភាពជាអ្នកដឹកនាំ អ្នកមិនអាចសម្រេចសុបិនឲ្យក្លាយជាការពិតបានទេ បើអ្នកមានចំណុចទាំងអស់នេះ

អ្នកមិនអាចសម្រេចសុបិនឲ្យក្លាយជាការពិតបានទេ បើអ្នកមានចំណុចទាំងអស់នេះ

អ្នកណាៗក៏មានក្ដីសុបិននៅក្នុងជីវិតដែរ​ តែវាសំខាន់នៅត្រង់ថាអ្នកនឹងធ្វើអ្វីមួយពីក្ដីសុបិនទាំងអស់នោះ ឬគ្រាន់តែសុបិនបែបនេះជារឿយៗទៅ។ អ្នកល្មមឈប់ប៉ាន់ស្មានថាសុបិនមួយនោះនឹងអាចក្លាយជាការពិតបានឬមួយក៏អត់ទៅ ជាពិសេសប្រសិនបើអ្នកចំណុចទាំងអស់នេះនៅក្នុងខ្លួន៖

១) បានត្រឹមតែទ្រឹស្ដី៖ អ្វីដែលធ្វើទាក់ទងជាមួយនឹងក្ដីសុបិនរបស់អ្នកនោះគឺនិយាយ និយាយទាំងគ្មានការអនុវត្តសូម្បីតែបន្តិច។ តើអ្នកនៅហ៊ានគិតទៀតទេ ថាក្ដីសុបិនរបស់អ្នកអាចនឹងក្លាយជាការពិតបាន ទាំងដែលអ្នកមិនបញ្ចេញសកម្មភាពវិជ្ជមានអ្វីសោះនោះ។

២) គ្មានភាពអំណត់៖ ដរាបណាអ្នកមិនមានភាពអំណត់ខ្ពស់ មិនយូរមិនឆាប់នោះទេ​​ អ្នកនឹងបោះបង់ក្ដីសុបិនមួយនោះចោលជាក់ជាមិនខាន។ ហេតុនេះអ្វីអ្នកអាចធ្វើបាននោះគឺការរៀនហ្វឹកហាត់អំពីក្ដីអំណត់របស់ខ្លួនឯង​ មិនចាំបាច់ត្រូវតែមានភាពអំណត់ចំពោះបញ្ហាអ្វីធំដុំតែម្យ៉ាងនោះទេ។

៣) ងាយងាករេតាមឥទ្ធិពលជុំវិញខ្លួន៖ អ្នកគួរតែដឹងច្បាស់ពីអ្វីដែលខ្លួនចង់បាន​ មិនមែនរេចិត្តទៅតាមអ្វីដែលអ្នកនៅជុំវិញខ្លួនប្រាប់អ្នកនោះទេ អ្នកត្រូវតែគ្រប់គ្រងលើខ្លួនឯងឲ្យបាន។​ ប្រសិនបើអ្នកងាយងាកចិត្តទៅតាមឥទ្ធិពលដែលនៅជុំវិញខ្លួន នោះគោលដៅរបស់អ្នកនឹងងាករេទៅគ្មានភាពច្បាស់លាស់នោះទេ។

៤) គ្មានទំនួលខុសត្រូវគ្រប់គ្រាន់៖ នៅពេលដែលអ្នកដឹងថាខ្លួនឯងចង់បានអ្វីមួយ អ្នកត្រូវតែក្លាហានហើយមានទំនួលខុសត្រូវខ្ពស់ក្នុងការធ្វើឲ្យសុបិននោះក្លាយជាការពិត មិនមែនមានឈ្មោះបានត្រឹមតែស្រមៃតែមួយមុខនោះទេ។ បើអ្នកនៅតែស្រមៃដោយគ្មានសកម្មភាពបែបនេះ វានឹងនៅត្រឹមតែជាក្ដីស្រមៃបែបនេះរៀងរហូតទៅ ហើយនៅពេលដែលពេលវេលាកន្លងផុតទៅ អ្នកនឹងបានត្រឹមតែស្ដាយក្រោយប៉ុណ្ណោះដែលមិនបានធ្វើអ្វីសោះ៕

ដោយ៖ ម៉ាយ៉ារស្មី

Comments

comments