ទំព័រដើម ហិរញ្ញវត្ថុ ឆ្នាំ២០១៦កម្ពុជាប្រមូលចំណូលពន្ធគយសរុប១.៧៤៥លានដុល្លារកើនឡើង១០,៥%

ឆ្នាំ២០១៦កម្ពុជាប្រមូលចំណូលពន្ធគយសរុប១.៧៤៥លានដុល្លារកើនឡើង១០,៥%

រាជធានីភ្នំពេញ៖ សម្រាប់ឆ្នាំ២០១៦ កម្ពុជាបានប្រមូលចំណូលពន្ធគយ​សម្រេច​បាន​ជាង​​៧.០៧៦ ប៊ីលានរៀល(១.៧៤៥ លានដុល្លារអាមេរិក) មានកំណើនប្រមាណ ១០,៥% ធៀប​នឹង​ចំណូលឆ្នាំ​២០១៥។ នេះបើយោងតាមប្រសាសន៍ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករនៅថ្ងៃទី១១ ខែមករា ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុបការងារគយនិងរដ្ឋាករប្រចាំខែធ្នូ និងលទ្ធផលបូកសរុបប្រចាំឆ្នាំ ២០១៦។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍បន្តថា សម្រាប់​ខែ​ធ្នូ​ ឆ្នាំ២០១៦ ចំណូល​សរុប​មាន​ប្រមាណ ៦១៤,៣ប៊ីលានរៀល (១៥១,៧លានដុល្លារ​​អាមេរិក) កើន​ឡើង​ប្រមាណជាង ១១,២%​ ធៀប​នឹង​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ប៉ុន្តែ​បានថយចុះ​ប្រមាណ​៥,៨%​ធៀបនឹងខែធ្នូឆ្នាំ២០១៥។

ឯកឧត្តម​អគ្គនាយកក៏​បាន​លើកឡើងនូវ​ផែនការសកម្មភាព​ឆ្នាំ២០១៧​ដោយ​ផ្តោត​លើ៥​គោល​ដៅ៖ (១)ការពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តនីតិវិធីគយ (២)ការពង្រឹង​ប្រសិទ្ធភាព​ការ​ងារ​បង្ការនិងបង្រ្កាប​អំពើរត់គេចពន្ធ (៣)ការពង្រឹងអនុលោម​ភាពការងារ​បច្ចេក​ទេស​គយ (៤)ការធ្វើវិចារណកម្មគោលនយោបាយគយ (៥)ការពង្រឹងអភិបាល​កិច្ចអង្គ​ភាព​គយ ដែលក្នុងចំណោមគោលដៅទាំង៥នេះមាន២១សកម្មភាពត្រូវអនុវត្ត។

សូមបញ្ជាក់ផងដែរថា ស្របពេលអត្រាប្រមូលពន្ធមានការកើនឡើង១០,៥% វាបាន​ឆ្លុំបញ្ចាំង​ពីកំណើនជីវភាពប្រជាពលរដ្ឋកម្ពុជាក៏កើនឡើងដែរ​ ដោយ​បច្ចុប្បន្ននេះ​ពល​រដ្ឋម្នាក់ៗ​រកចំណូលបាន១២២៨ដុល្លារសម្រាប់ឆ្នាំ២០១៦ ហើយចំណូលនេះសង្ឃឹមថា នឹង​កើនឡើងនៅឆ្នាំ២០១៧នេះផងដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Comments

comments