ទំព័រដើម ភាពជាអ្នកដឹកនាំ ចង់សម្រេចបាននូវភាពជោគជ័យ អ្នកត្រូវហាត់ពុតអត្តចរិតខ្លួនឯងជាមុនសិន

ចង់សម្រេចបាននូវភាពជោគជ័យ អ្នកត្រូវហាត់ពុតអត្តចរិតខ្លួនឯងជាមុនសិន

អត្តចរិតក៏ដូចជាទម្លាប់គឺជាអាវុធដ៏សំខាន់ក្នុងការវាស់កម្រិតនៃភាពជោគជ័យរបស់អ្នកបាន ព្រោះអ្វីដែលអ្នកធ្វើរាល់ថ្ងៃនេះហើយគឺជាអ្វីដែលកំណត់ពីជោគវាសនារបស់អ្នកនាពេលអនាគត។ ក្នុងពេលនេះ អ្នកប្រហែលជាមិនទាន់មើលឃើញពីសារៈប្រយោជន៍របស់វានៅឡើយ តែបន្តិចទៀតទើបអ្នកដឹងថាវាមានតម្លៃខ្លាំងយ៉ាងណាក្នុងការហាត់ពុតលុតដំអត្តចរិតនិងទម្លាប់របស់ខ្លួនពីពេលនេះទៅ៖

១) ត្រូវធ្វើអ្វីមួយដោយចេញពីចិត្ត៖​ កុំរង់ចាំឲ្យអ្នកដទៃប្រាប់ថាអ្នកគួរធ្វើអ្វីៗ ត្រូវធ្វើដោយកើតចេញពីចិត្តគំនិតរបស់ខ្លួនទើបល្អ ព្រោះអ្នកនឹងមានអារម្មណ៍ថាវាជាសំពាធទៅវិញ បើអ្នកធ្វើឲ្យចិត្តចង់នោះអ្នកនឹងមានអារម្មណ៍ល្អក្នុងការធ្វើវា។ មិនតែប៉ុណ្ណោះទេ អ្នកនឹងបានដឹងច្បាស់ក្នុងចិត្តទៀតថា ហេតុអ្វីបានជាអ្នកចង់ធ្វើវា មិនមែនដោយសារតែស្ដាប់តាមអ្នកដទៃនោះឡើយ៖

២) ធ្វើរឿងមួយពីបញ្ហាដែលអ្នកកំពុងតែជួបប្រទះ៖ មនុស្សជាច្រើនចូលចិត្តខ្វាយខ្វល់ពីបញ្ហាដែលមិនអាចកែប្រែបាន ហើយមិនព្រមធ្វើអ្វីសោះជាមួយនឹងបញ្ហាដែលខ្លួនឯងអាចកែប្រែបាន។ ជាជាងការដែលអ្នកយកពេលទាំងយប់ថ្ងៃទៅបារម្ភពីវា គិតពីដំណោះស្រាយដែលអ្នកអាចយកទៅដោះស្រាយវិញទៅ ហើយធ្វើសកម្មភាពភ្លាមដើម្បីកុំឲ្យស្ដាយក្រោយទៅថ្ងៃមុខ។

៣) កែប្រែតាមអត្តចរិតនិងទម្លាប់៖ ចង់កែប្រែអ្វីមួយក៏ដោយ អ្នកត្រូវចាប់ផ្ដើមពីអត្តចរិតនិងទម្លាប់ដែលអ្នកមានរាល់ថ្ងៃ។ មុននឹងចង់ជោគជ័យ អ្នកត្រូវកែប្រែខ្លួនឯងជាមុនសិន ហើយចាប់ផ្ដើមពីរឿងបន្តិចបន្តួចៗដែលអ្នកអនុវត្តរាល់ថ្ងៃ នោះការផ្លាស់ប្ដូរបន្តិចបន្តួចនោះនឹងនាំមកនូវលទ្ធផលដែលមិនគួរឲ្យនឹកស្មានមកដល់អ្នក។

៤) អនុវត្តជាប្រចាំ៖ វាប្រហែលជាមានថ្ងៃខ្លះដែលអ្នកមិនបានអនុវត្តអ្វីដែលអ្នកបានគ្រោងទុក តែយ៉ាងហោចណាស់ក៏អ្នកគួរតែអនុវត្តទៅតាមគម្រោងរបស់អ្នកឲ្យអស់ពីសមត្ថភាព ព្រោះថាចុងក្រោយអ្វីៗទាំងអស់គឺស្ថិតនៅលើសកម្មភាពរបស់អ្នកមួយមុខគត់ថាអ្នកនឹងអនុវត្តតាមអ្វីដែលអ្នកចង់កែប្រែនោះបានស្ថិតស្ថេរដែរឬមួយក៏អត់ទេ៕

ដោយ៖ ម៉ាយ៉ារស្មី

Comments

comments