ទំព័រដើម ព័ត៌មានថ្មីៗ កុមារីខ្មែរ២រូប ឈ្នះការប្រកួតគំនូររថយន្តតូយ៉ូតានៅប្រទេសជប៉ុន

កុមារីខ្មែរ២រូប ឈ្នះការប្រកួតគំនូររថយន្តតូយ៉ូតានៅប្រទេសជប៉ុន

ភ្នំពេញ៖ កុមាររីខ្មែរ២រូប បានឈ្នះការប្រកួតប្រជែងគំនូររថយន្តក្នុងក្ដីស្រមៃទូទាំងពិភពលោក ជាមួយនឹងគំនូរមកពីបណ្ដាប្រទេសចំនួន ៨១ផ្សេងទៀត នៅទូទាំងសកលលោក។ នេះជាលើកទី ២ហើយ ដែលរូបគំនូររបស់កុមារខ្មែរត្រូវបានជ្រើសរើសនិង អញ្ជើញទៅចូលរួមកម្មវិធីប្រកួតគំនូរក្នុងក្តីស្រម៉ៃទូទាំងពិភពលោកនៅប្រទេសជប៉ុន ដែលរៀបចំដោយក្រុមហ៊ុនតូយ៉ូតា។

កុមារីកម្ពុជា ចំនួន ២រូប ដែលបានឈ្នះការប្រកួតគំនូររថយន្តក្នុងក្ដីស្រមៃទូទាំងពិភពលោក របស់ក្រុមហ៊ុនតូយ៉ូតា ទី១ មានឈ្មោះថា ផាត អេលីនកនិកា មានអាយុ៦ឆ្នាំ គូរគំនូរ “ ឡានមិត្តភាព (Friendship Car)” ទទួលបានពានរង្វាន់ពិសេសរបស់លោក Akio Toyoda អគ្គនាយកក្រុមហ៊ុនតូយ៉ូតា គំនូរក្នុងក្រុមអាយុក្រោម ៨ ឆ្នាំ និងទី២ មានឈ្មោះថា ប៊ុន រក្សា មានអាយុ ១៣ឆ្នាំ គូរគំនូរ “ឡាននៃការចងចាំ (Memory Car)” ជាប់ជារូបគំនូរដែលល្អបំផុតទូទាំងពិភពលោក ក្នុងក្រុមអាយុចាប់ពី ១២ ដល់ ១៥ ឆ្នាំ។

ថ្លែងនៅក្នុងពិធីប្រគល់ជ័យលាភីគូរគំនូរថ្នាក់ពិភពលោកឆ្នាំ ២០១៦ លោក ហ៊ីរ៉ូយ៉ូគី អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបរាប់ថា ការប្រកួតគូរគំនូររថយន្តតូយ៉តាក្នុងក្ដីស្រមៃសម្រាប់ថ្ងៃអនាគត កាលពីឆ្នាំ ២០១៥-២០១៦ កន្លងទៅ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទទួលបានរូបគំនូរសរុបក្នុងប្រទេសចំនួន ៨២៣ផ្ទាំង ដែលប្រមូលបានពីការប្រកួតប្រជែងគូរនៅតាមសាលាឯកជន ក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តដូចជាបាត់ដំបង និងសៀមរាបជាដើម។

លោកថា រូបគំនូរទាំង ៨២៣ ផ្ទាំងត្រូវបានឆ្លងកាត់ការវាយតម្លៃជ្រើសរើស និងជម្រុះចំនួន ២លើក ដើម្បីចម្រាញ់យករូបគំនូរដែលស្រស់ស្អាត និងមានអត្ថន័យចំនួន ៩ផ្ទាំង សម្រាប់ជាប់ជ័យលាភីថ្នាក់ជាតិ។ បន្ទាប់មករូបគំនូរទាំង៩ផ្ទាំង ត្រូវបានបញ្ជូនទៅប្រទេសជប៉ុន ដើម្បីចូលរួមប្រកួត ជាមួយនឹងគំនូរមកពីបណ្ដាប្រទេសចំនួន ៨១ផ្សេងទៀត នៅទូទាំងសកលលោក។

ក្នុងឱកាសនោះដែរ ក្រុមហ៊ុនក៏បានប្រកាសជ្រើសរើសកុមារកម្ពុជាជាថ្មីម្ដងទៀត នៃការប្រកួតគូរគំនូររថយន្តក្នុងក្ដីស្រម៉ៃសម្រាប់ថ្ងៃអនាគតឆ្នាំ ២០១៧ ដែលកាលបរិច្ឆេទឈប់ទទួលគំនូរនៅគឺនៅថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧។ លក្ខខណ្ឌ​នៃ​ប្រភេទ​អាយុ​ដែល​អាច​ចូលរួម​ប្រកួតប្រជែង​បាន​មាន​ដូចជា ក្រោម​អាយុ​៨​ឆ្នាំ ពី​អាយុ​៨​ដល់​១១​ឆ្នាំ ពី​អាយុ​១២​ដល់​១៥ ឆ្នាំ។

ចំពោះ​ជ័យលាភី​ថ្នាក់ជាតិ និង​ត្រូវ​ជ្រើសរើស​ចំនួន​៣​នាក់​នៃ​ប្រភេទ​អាយុ​នីមួយៗ។ គំនូរ​ជ័យលាភី​ថ្នាក់​ជាតិ​នឹង​បញ្ចូន​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ជប៉ុន។ អ្នក​ឈ្នះ​មេដាយ​នឹង​ផ្ដល់​ជូន​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ពិធី​ប្រគល់​រង្វាន់​នៅ​ខែ​សីហា ឆ្នាំ​២០១៧ ជាមួយ​អាណាព្យាបាល​ពីរ​រូប​ផង​ដែរ៕

 

អត្ថបទដោយ សាវ៉េត

រូបភាព Toyota Cambodia

Comments

comments