ទំព័រដើម ចាប់ផ្តើមអាជីវកម្ម ការចាប់យកជំនាញបច្ចេកទេសជួសជុលរថយន្ត ជារបរមួយជីវិតអាចរកចំណូលបានគ្រប់ប្រទេស

ការចាប់យកជំនាញបច្ចេកទេសជួសជុលរថយន្ត ជារបរមួយជីវិតអាចរកចំណូលបានគ្រប់ប្រទេស

ស្របពេលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះមានយុវជនមួយចំនួនបានសម្លឹងឃើញឱកាសការងារដែលចាយមួយជីវិតមិនចេះអស់ និងអាចរកចំណូលបានគ្រប់ប្រទេស តួយ៉ាងដូចជាការចាប់យកជំនាញបច្ចេកទេសជួសជុលរថយន្ត ជាជំនាញដ៏មានសក្ដានុពលមួយដែលតម្រូវការអ្នកជំនាញផ្នែកនេះ គឺអាចបម្រើការក្នុងទីផ្សារការងារទាំងក្នុង និងក្រៅស្រុក។

លោក សិម សុរិន្ទ នាយកសាលាមធ្យមសិក្សាហ្ស៊ី វ៉េ ស៉េ (JVC) បានមានប្រសាសន៍ថា ឱកាសការងារសម្រាប់និស្សិតផ្នែកបច្ចេកទេសជួសជុលរថយន្តមានច្រើនណាស់ ហើយអាចរកចំណូលបានច្រើនទៀតផងទៅតាមជំនាញនិមួយៗ។

លោកបានបញ្ជាក់បន្ថែមថា ជំនាញបច្ចេកទេសជួសជុលរថយន្តមិនសំដៅដល់ការជួសជុលរថយន្តទាំងស្រុងនោះទេ គឺអាចមានឱកាសក្លាយជាអ្នកជំនាញផ្នែក ប្រព័ន្ធភ្លើងរថយន្ត គ្រឿងក្រោម ប្រព័ន្ធសុវត្ថិភាពក្នុងរថយន្តជាដើម លើសពីនេះទៀត អាចក្លាយជាអ្នកជំនាញផ្នែកគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ គ្រឿងចក្រ ម៉ាស៊ីនភ្លើង កប៉ាល់ និយាយរួមគឺ ទាក់ទងនិងគ្រឿងម៉ាស៊ីន។

លោកនាយកសាលារូបនេះ បានលើកឡើងថា សក្ដានុពលក្នុងការប្រើប្រាស់គ្រឿងម៉ាស៊ីននាពេលបច្ចុប្បន្នកំពុងមានការកើនឡើង ហើយវាជាឱកាសការងារសម្រាប់សិស្សនិស្សិតចាប់យកជំនាញនេះ ឱ្យបានទាន់ពេលវេលា។

លោកបានបន្តទៀតថា និស្សិតគួរបែរមកចាប់អារម្មណ៍រៀនជំនាញវិស្វកម្មផ្នែកគ្រឿងម៉ាស៊ីននេះឱ្យបានច្រើន ព្រោះវាផ្ដល់នូវជំនាញដ៏ច្បាស់លាស់មួយសម្រាប់ជីវិត និងអាចទៅធ្វើការបានគ្រប់ប្រទេស។

ទន្ទឹមគ្នានេះដែរ លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ួតា (ខេមបូឌា) ថ្លែងក្នុងពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តដល់សិស្សក្រីក្រជំនាន់ទី ៥ និង ការប្រគល់សញ្ញាប័ត្រដល់សិស្សជំនាន់ទី ៣ បានលើកឡើងថា លោកលើកទឹកចិត្តសិស្សនិស្សិតក្រីក្រក្នុងការចាប់ឱកាសក្នុងការសិក្សាជំនាញបច្ចេកទេសជួសជុលរថយន្ត។

លោក គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតាបានឲ្យដឹងថា ជំនាញបច្ចេកទេសជួសជុលរថយន្តជាជំនាញដ៏ល្អ និងទីផ្សារការងារកំពុងត្រូវការ។ ការសម្រេចផ្តល់អាហារូបករណ៍សិក្សាចំពោះនិស្សិតក្រីក្រ កម្ពុជាជាច្រើនជំនាន់លើការសិក្សាមុខជំនាញជួសជុលរថយន្ត លោកសង្ឃឹមថាក្រោយពេលបញ្ចប់ការសិក្សា ពួកគេអាចយកជំនាញដែលអាចប្រើប្រាស់ពេញមួយជីវិតនេះយកទៅប្រកបការងារមួយបានសមរម្យសម្រាប់ជួយខ្លួនឯង និងជួយគ្រួសារឲ្យមានជីវភាពល្អប្រសើរ។

គួរជម្រាបន្ថែមដែរថា គិតមកដល់ត្រឹមឆ្នាំសិក្សារបស់សិស្សជំនាន់ទី៥ នេះ សិស្សអាហារូបករណ៍របស់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) មានចំនួនសរុប ៥៦រូប ដែលក្នុងនោះសិស្សអាហារូបករណ៍ជំនាន់ទី ១ មានចំនួនសរុប ២៦រូបបានបញ្ចប់ការសិក្សារួចហើយ និងទទូលបានការងារនៅតាមកន្លែងនិងស្ថាប័នផ្សេងៗ៕

អត្ថបទដោយ សាវ៉េត

Comments

comments